ប្រាសាទជប់ពល
ប្រាសាទជប់ពលស្ថិតនៅក្នុងភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ចំងាយ៣,៥គីឡូម៉ែត្រភាគឦសានពីទីរួមខេត្តតាកែវ ។
ប្រាសាទជប់ពលមានរាងការ៉េ ជ្រុងនីមួយៗមានកំពស់ប្រមាណ១៣ម៉ែត្រ ធ្វើអំពីឥដ្ឋ ត្រូវបានកសាងឡើងតាំង
ពីសម័យព្រះបាទជ័យវរ្មន័ទី៧ ដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែតួប្រាសាទផ្នែកខាងក្រោមប៉ុណ្ណោះ។
ខាងក្នុងតួប្រាសាទមានថ្មតម្កល់យោនីនិងលិង្គព្រះឥសូរ។ ប៉ុន្តែប្រាសាទនេះបានរងនូវការខូចខាតផ្នែកខាងលើ
ស្ទើរអស់ទៅហើយ។
នៅជុំវិញប្រាសាទមានគូទឹកព័ទ្ធជុំវិញដែលមានទំហំ ១៣០ម × ១៥០ម ប្រកបដោយទឹកថ្លាធ្វេង។ នៅក្នុង
តំបន់នេះមានបុរាណដ្ឋានជាច្រើន ជាពិសេសប្រព័ន្ធធារាសាស្រ្តដែលបុព្វបុរសខ្មែរបានគិតគូដល់ការងារ
កសិកម្មជាចម្បង ក្នុងនោះមានស្រះស្រង់មួយមានទំហំ ៧ម × ១០០ម ដែលអ្នកស្រុកនិយមហៅថាទន្លេអ៊ុំ។
លោកតា ឈុន អូន ជាប្រធានគណៈកម្មការសាងសង់វត្តបារាយណ៍បានរៀបរាប់ប្រាប់អោយដឹង ថា ប្រាសាទ
ជប់ពលមានឥទ្ធិពលខ្លាំងណាស់កាលពីសម័យដើម ពិសេសពេលធ្វើសឹកសង្គ្រាមជាមួយប្រទេសជិតខាង មេ
ទ័ពនាំគ្នាធ្វើពិធីប្រោះព្រំពលទាហាននៅទីនោះ ព្រោះមានបារមីតាដំបងដែក នាងសក់ក្រអូបនាងខ្មៅ និងបារមី
យាយសុខ ដែលជាម្ចាស់ទឹកម្ចាស់ដីគ្រងថែរក្សាប្រាសាទនិងវត្តអោយគង់វង្ស។ ជាក់ស្ដែងក្នុងសម័យប៉ុលពត
ទីធ្លាវត្តទាំងមូលត្រូវរងនូវការទម្លាក់គ្រាប់បែកគ្រាប់ផ្លោងគ្រប់យ៉ាង តែត្រូវបារមីបញ្ចៀសបាន។
លោកតាបន្ថែមថា សូម្បីតែយន្តហោះដែលហោះកាត់ពីលើប្រាសាទត្រូវធ្លាក់មិនខាន។ រឹតតែពិសេសទៀតនោះក្នុងប្រាសាទជប់ពលនេះមានរូងពស់ត្បាល់រហូតដល់ភ្នំជីសូរ និងភ្នំចំបាប់ តែបច្ចុប្បន្នរូងនេះត្រូវបានបិទជិតទៅហើយ។
ទាក់ទងទៅនឹងការបិទរូងពស់ត្បាល់នេះ លោតបានបន្ថែម អោយដឹងទៀតថាកាលពីមុនសម័យអាណានិគមបារាំង លោកគ្រូសង្គ្រាជមួយអង្គចេះមន្តអាគមពូកែខ្លាំងអាចហៅពស់តូចធំគ្រប់ប្រភេទ។
ថ្ងៃមួយព្រះសង្ឃអង្គនេះបានប្រាប់ពុទ្ធបរិស័ទណាខ្លះចង់ឃើញពស់ត្បាល់?...
ព្រះអង្គបានដាក់លក្ខខណ្ឌមិនអោយរត់ទេពេលពស់មកដល់។ បន្ទាប់ពីរៀបចំពិធីហៅរួចមកពស់ត្បាល់ ១គូបានចេញបង្ហាញខ្លួន ពេលនោះពុទ្ធបរិស័ទខ្លះភ័យខ្លាចក៏នាំគ្នារត់ភ្លេចបណ្ដាំលោកគ្រូ។
ក្រោយៗមកពស់ទាំងគូនេះចេះតែឧស្សាហ៏ចេញមកបង្ហាញខ្លួនបង្កការភ័យខ្លាចដល់អ្នកស្រុក លោកគ្រូសង្គ្រាជក៏សម្រេចចិត្តយកកង់រទេះលន និងថ្ម១ផ្ទាំងធំ បិទមាត់រូងជិតរហូតទល់សព្វថ្ងៃនេះទៅ។ គួរបញ្ជាក់ថាប្រាសាទជប់ពលបានកសាងឡើងតាំងពីសម័យព្រះបាទជ័យវរ្មន័ទី៧ ធ្វើឡើងពីថ្មបាយក្រៀមមានទំហំ៨ម៉ែត្រគុណ៨ម៉ែត្រកម្ពស់១៤ម៉ែត្រ។ ខាងក្នុងតួប្រាសាទមានថ្មតម្កល់យោនីនិងលិង្គព្រះឥសូរ។ ប៉ុន្តែប្រាសាទនេះបានរងនូវការខូចខាតផ្នែកខាងលើស្ទើរអស់ទៅហើយ។







0 Comments