ប៉ីពក ជាឧបករណ៍ផ្លុំប្រើខ្យល់ជាប់ដូចប៉ីអដែរ ។ ឧបករណ៍នេះមានអាយុយូរយារណាស់មកហើយ ។ បើតាមប្រសាសន៍របស់តន្ត្រីករបុរាណចាស់ៗច្រើនតំណមកហើយថា
«ប៉ីអខ្មែរយើងមានកំណើតជាង២០០០ឆ្នាំហើយ ។ ប្រហែលដូនតាយើងសំអាងទៅលើមុខងារសំខាន់ៗ
និងវត្តមានរបស់វាដែលមានភាពស្ថិតស្ថេរក្នុងវង់ភ្លេងអារក្ស និងក្នុងវង់ភ្លេងទាំងពីរនេះ
ប៉ីអមានមុខងារសំខាន់ៗត្រង់ក្នុងវគ្គណាដែលជាពិធីត្រូវធ្វើឡើងសម្រាប់អង្វរករ
ឬបួងសួងអញ្ជើញ ។ នៅក្នុងពិធីលៀងអារក្ស
ផ្លុំប៉ីពកត្រង់ពិធីអំពាវនាវសុំអញ្ជើញគ្រូតូច គ្រូធំ ខ្មោចព្រាយ អារក្ស
អ្នកតាព្រៃភ្នំទាំងឡាយ អញ្ជើញរួបរួមក្នុងពិធីលៀងអារក្ស ប៉ីពកប្រគំបទនិមន្ត
រួមជាមួយអ្នកចម្រៀងម្នាក់ ។ ត្រង់ពិធីសុំអង្វរករអញ្ជើញសម្តេចព្រះគ្រូ
(មេខ្មោចធំ) មកត្រួតពិនិត្យសកម្មភាពខ្មោចទាំងឡាយ ប៉ីពកប្រគំបទសុរិន្ទខ្នងភ្នំ
ពេលសម្តេចព្រះគ្រូយាងត្រឡប់ទៅវិញ ប៉ីពកប្រគំបទទាក់ដំរី (ចាប់ដំរីឱ្យសម្តេចព្រះគ្រូជិះយាងត្រឡប់ទៅវិញ) ។»
នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រង់វគ្គបញ្ចូលក្រយា
គឺជាពិធីអង្វរករលោកមេបាឱ្យចាប់ផ្តើមទឹកខ្ពុរមាត់ បើកគ្របសាជីភោជនាហារ
ចាប់ស្លាបព្រាពិសាភោជនាហារ ប៉ីពកប្រគំបទសុរិន្ទខ្នងភ្នំ ។ ត្រង់វគ្គទៅទាក់ដំរីក្នុងព្រែសម្រាប់យកមកឱ្យកូនប្រុសជិះទៅមុជទឹកស្ទឹង
ក្រោយពីបានកាត់សក់រួច នៅក្នុងព្រៃនៅពេលគេទៅទាក់ដំរី គេនាំគ្នាបញ្ជាន់មេមត់អង្វរករមេមត់សុំអនុគ្រោះឱ្យគេទាក់ដំរីបាន
ប៉ីពកប្រគំបទសុរិន្ទខ្នងភ្នំសម្រាប់មេមត់ និងប្រគំបទទាក់ដំរីសម្រាប់ទាក់ដំរីបាន ។ ត្រង់វគ្គទៅរកល័ក្តកន្លង់ជុំ
បេះល័ក្តមិនបានគេអង្វរករខ្មោចទេព្រក្ស អ្នកតា ឬបញ្ជាន់ខ្មោចមេមត់ ដើម្បីជួយអនុគ្រោះដល់គេ
ប៉ីពកប្រគំបទសុរិន្ទខ្នងភ្នំ ។ ត្រង់វគ្គឱ្យបាយព្រលឹង
បួងសួងឱ្យព្រះព្រហ្មចុះមកប្រសិទ្ធពរ និងជួយរក្សាបាយព្រលឹងសូមឱ្យបាយព្រលឹង
សូមឱ្យបានព្រលឹងមានប្រសិទ្ធភាពខ្លាំងក្លា ប៉ីពកប្រគំបទសុរិន្ទខ្នងភ្នំដែរ ។
តាំងពីអតីតកាលដ៏យូរលង់រហូតដល់បច្ចុប្បន្ននេះ
ឧបករណ៍ប៉ីពកនៅតែប្រគំម្នាក់ឯងមិនចូលរួមជាមួយនឹងឧបករណ៍ដទៃណាឡើយ ។ តាមប្រសាសន៍របស់លោក ប៊ុន
ចាន់ម៉ុល ជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ
ក្នុងរវាងឆ្នាំ១៩៧៣ កាលនោះលោកមានអាយុ៦២ឆ្នាំ លោកមានប្រសាសន៍ថា «លោកបានឃើញជាញឹកញាប់
គេប្រើប៉ីពកផ្លុំមួយបទសិន គឺបទលោមនាង (ថ្នមនាង) ត្រង់ពិធីបើកវាំងននសុំស្រីអនមកផ្ទឹម
មុនការប្រគំបទផាត់ជាយរបស់វង់ភ្លេងដែលប្រើក្នុងពិធីដដែលនេះ» ។
តួរបស់ប៉ីពកធ្វើអំពីឫស្សីពកដែលមានប្រវែងមួយសាច់
និងមួយថ្នាំង គឺគេទុកថ្នាំងម្ខាងសម្រាប់ទប់ខ្យល់ ។ នៅលើតួមានរន្ធសំនៀងជាច្រើនដូចជាមានរន្ធចំហៀង១
ស្ថិតនៅខាងក្រោមបិទបើកដោយមេដៃ ។ មានរន្ធសំនៀងចំ៧
ស្ថិតនៅជួរខាងលើមានចន្លោះពីមួយទៅមួយតាមលំដាប់កម្រិតសំនៀង ។ មានរន្ធបង្ហើបខ្យល់ចោល១
ឬ២ គឺជារន្ធសម្រាប់ជួយតម្រូវសំនៀងរបស់រន្ធចំ ។ រន្ធនីមួយៗអាចប្រើបានតែសំនៀងចំមួយ
និងសំនៀងចំហៀងមួយទៀតប៉ុណ្ណោះ មិនអាចប្រើបានច្រើនដូចរន្ធខ្លុយឡើយ ។ អណ្ដាតរបស់ប៉ីពកធ្វើអំពីស្ពាន់
ឬលង្ហិនដែលមានគល់ធំចុងស្រួច ។ ផ្ទៃអណ្ដាតទាំងមូលមានរាងបួនជ្រុងទ្រវែង ។ អណ្ដាតនេះដាក់នៅត្រង់ជិតថ្នាំឫស្សីបិទជាប់ដោយជ័រម្រោម
ឬក្រមួនឃ្មុំសុទ្ធ ។ នៅពេលផ្លុំម្តងៗគេត្រូវបៀមត្រឹមអណ្ដាតទាំងមូលទៅក្នុងមាត់
ហើយប្រើខ្យល់ជាប់ដូចប៉ីអដែរ ។
សំនៀងរបស់ប៉ីពកស្រទន់
ស្រណោះស្រណោកមានលក្ខណៈសំនៀងលុញគ្រលឺតច្រើនជាងសំនៀងចំត្រង់ៗ ។ ឧបករណ៍បែបនេះ ឃើញមាននៅក្នុងប្រទេសវៀតណាមភាគខាងត្បូងដែរក្នុងចំណោមជនជាតិខ្មែរនៅទីនោះ ។
សារព័ត៌មានកោះសន្តិភាព
ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១០
0 Comments