នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរពីបុរាណ តែកាលណាទារកកើតមកបានរវាង៣ថ្ងៃ
៧ថ្ងៃ ឬកន្លះខែឬក៏មួយខែគេតែងតែរៀបចំធ្វើពិធីមួយហៅថា «កាត់សក់ បង្កក់ឆ្មប» ដើម្បីជួយប្រោះព្រំផ្ដល់ពរជ័យសិរីសួស្ដីដល់ទារកដែលបានមកកើតមានជីវិតថ្មីនៅក្នុងត្រកូលគ្រួសារម្នាក់ៗ។
ចំពោះពាក្យថា
«កាត់សក់» គឺសំដៅសក់កំណើតរបស់ទារកដែលហៅថា សក់ព្រៃ។ សក់នេះគេត្រូវកាត់ចេញពីទារកដើម្បីឱ្យវាមកនៅក្នុងវិស័យឬពិភពមនុស្សពេញលេញ
លែងជំពាក់ជំពិននឹងវិស័យព្រៃដែលជាពិភពខ្មោច
ជាពិសេសគេខំធ្វើម្តេចឱ្យវាដាច់ចេញពីម្តាយដើម ពោលគឺម្តាយរបស់ទារកនៅជាតិមុនៗ។
នេះបើយើងតាមការអធិប្បាយនិងពន្យល់នៅក្នុងសៀវភៅ ដំណើរជីវិតមនុស្សខ្មែរ។
ចំណែកឯពាក្យថា
«បង្កប់ឆ្មប» មានន័យថា
លាងសម្អាតជម្រះឆ្មបឱ្យផុតពីមន្ទិលដែលជាប់ប្រឡូកប្រឡាក់ដោយសារគាត់បានប៉ះពាល់នឹងឈាមជ័រនៃស្រី្តជាម្តាយពេលឆ្លងទន្លេ។
លោក ស៊ុន
ចាន់ដឹប
សាស្រ្តាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមានប្រសាសន៍ថា
៖«កិច្ចពិធីគឺធ្វើតែមួយម៉ោងទេ
ដើម្បីជួបជុំបងប្អូនសាច់សារលោហិតដើម្បីមកទទួលដឹងឮ
សាមីពិធីដែលទើបនឹងកើតជាសមាជិកថ្មីនៅក្នុងគ្រួសារ។
សំណែនដែលសែនទាំងអស់គឺសែនឱ្យខ្មោចដើម្បីជួយទទួលដឹងឮថា
មានសមាជិកថ្មីចូលមកក្នុងគ្រួសារហើយ។ បានន័យថា
ទទួលទាំងខ្មោចហើយញាតិមិត្តដែលទៅចូលរួមក៏ទទួលស្គាល់សមាជិកថា
នេះជាសមាជិកថ្មីនៃគ្រួសារមករស់នៅក្នុងសង្គមដែលមានវប្បធម៌ដែលយើងកំពុងបំពាក់វប្បធម៌ឱ្យក្មេងតាមរយៈកិច្ចពិធីហើយពេលនោះដែរ
គេក៏អាចកំណត់ដាក់ឈ្មោះសម្រាប់ទារកនោះថែមទៀត»។
រណ្តាប់សម្រាប់ពិធី
មានរណា្តប់ថ្វាយចំពោះជីដូនជីតា(ឬហៅថា
អមនុស្ស) រណ្តាប់សម្រាប់ធ្មបនិងរណ្តាប់សម្រាប់ទារកដែលមាន៖
ស្រូវមួយកញ្ជើឬហៅថាស្រូវកញ្ជើឬជួនកាលហៅថាស្រូវពន្លៃ។
ប្រដាប់ប្រដាកាត់សក់ដែលក្នុងនោះគេតែងឃើញមានកន្ត្រៃ ក្រាស់ កាំបិតកោរ កញ្ចក់
និងកន្ទោងសម្រាប់ដាក់សក់ជាដើម។ ប្រដាប់ប្រដាបំពេញលក្ខណៈជាមនុស្ស ក្នុងនោះមានពន្លាក
អន្លូង ម្សៅលាបមុខ ខ្មៅដៃសម្រាប់គូចិញ្ចើមជាដើម។
បើនៅទីណាដែលគេនិយមបង្វិលពពិលក្នុងពិធីនេះគឺត្រូវមានពពិលនឹងទៀនថែមទៀត។
ពិធីកាត់សក់ បង្កក់ឆ្មប
បើនៅតំបន់អង្គរគេនិយមធ្វើពិធីនេះនៅខែចន្រ្ទគតិណាដែលមាន៣០ថ្ងៃរីឯថ្ងៃដែលត្រូវធ្វើនោះទៀតសោត
ក៏មិនត្រូវប៉ះនឹង«ថ្ងៃអង្សា»របស់ទារកដែរ។
ជួនកាលពិធីនេះគេធ្វើចូលគ្នាជាមួយទារកផ្សេងៗទៀតក៏បានដែរ។
កិច្ចសំខាន់បំផុតដែលធ្វើខានមិនបាន
គឺកាត់សក់ព្រៃរបស់ទារកនោះដូចអ្វីដែលបានរៀបរាប់ខាងលើនោះ
ទោះជាទារកនោះឥតទាន់មានសក់សោះក៏ឧបកិច្ចធ្វើជាកាត់ដែរ។ មិនត្រឹមតែកាត់ប៉ុណ្ណោះទេគឺមានកោរយកកញ្ចក់ឱ្យទារកឆ្លុះមើលខ្លួនឯងជាដើមផង
ហាក់ដូចជាកាត់សក់ឱ្យមនុស្សធំ។
នៅក្នុងពិធីនេះ
ក៏មាន «ដាប់មាត់» ឱ្យទារកនោះដោយយកពន្លាកនិងអន្លូងមកឧបកិច្ចធ្វើកាយវិការដោយ
ឆ្មបធ្វើបណ្តើរនិយាយបណ្តើរប្រដែប្រដៅទារកឱ្យទុកមាត់និយាយតែសម្តីល្អផ្អែមល្ហែម
មានន័យថាហាមទៅថ្ងៃក្រោយមាត់នោះនិយាយពាក្យអសុរោះ មិននិយាយដើមគេជាដើម។
កិច្ចមួយទៀតដែលឃើញធ្វើពុំដែលខាន
គឺការចងដៃឱ្យក្មេងនោះជួនកាលគេហៅថា ការហៅព្រលឹងឱ្យយ៉ាងខ្លីជាមួយគ្នាផង។
ឯចងដៃនោះផុតពីទារកទៅក៏ចងដៃឱ្យម្តាយ ហើយម្តាយនិងឪពុកនោះចងដៃឱ្យឆ្មបម្តងវិញ។
កិច្ចបញ្ចប់នៃពិធីឪពុកម្តាយតែងតែទៅសំពះឆ្មបដើម្បីសូមខមាទោសចំពោះគាត់ដែលគាត់ត្រូវបានប្រឡាក់ប្រឡូកដោយវត្ថុមិនស្អាតដោយពុំគិតពីមន្ទិលផ្សេងៗអំឡុងពេលដែលគាត់
(ឆ្មប)ជួយបង្កើតកូន៕
https://www.lotus-radio.com/2020-khmer-culture/











0 Comments