Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ប្រវត្តិប្រាសាទក្រចាប់ | Krachap Temples

 

ប្រវត្តិប្រាសាទក្រចាប់ | Krachap Temples




ប្រាសាទក្រចាប់មានទីតាំងស្ថិតនៅក្នុងភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយ ១,៥គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកែរ និង១,២គីឡូម៉ែត្រខាងកើតប្រាសាទធំ ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ឧទ្ទិសថ្វាយដល់ព្រះសិវមាន ត្រីភូវនទេវ ដែលមានន័យថាម្ចាស់នៃលោកទាំងបី កសាងឆ្នាំ៩២៨ ប្រាសាទនេះបែរមុខទៅទិសខាងលិចដូចប្រាសាទនាងខ្មៅ ប្រាសាទលិង្គ ប្រាសាទបន្ទាយពីជាន់ និងប្រាសាទអង្គរវត្ត។

ស្ថាបត្យកម្ម

ប្លង់ប្រាសាទក្រចាប់ ដំបូងបំផុតគូរដោយលោក អេជែនលុយណេដឺឡាហ៊្យុងគែ បន្តមកទៀតគូរដោយលោក ហង់រីប៉ាម៉ងជេ មានចំណុចខ្លះមិនទាន់ស្របគ្នា ពោលគឺប្លង់គូដោយលោកអេជែនលុយណេដឺឡាហ៊្យុងគែតួប៉មកណ្តាល និងកំពូលបួនទៀតមានទំហំប៉ុនគ្នា ដោយលោកមិនបានពិនិត្យឱ្យបានត្រឹមត្រូវ ឬប្រហែលមកពីលោកគូរតាមទិន្នន័យដែលគេផ្តល់ឱ្យ ចំពោះប្លង់ដែលគូរដោយលោក ហង់រីប៉ាម៉ងជេ ប្លង់ប្រាសាទធ្វើយ៉ាងពេញលេញដោយមានកំពែងថ្មបាយក្រៀមពីជាន់ ផ្នែកលយចេញនៃតួប៉មកណ្តាលជាចំណុចខុសប្លែកពីប្លង់មុន។ សព្វថ្ងៃរចនាសម្ព័ន្ធប្រាសាទក្រចាប់មានការខូចខាតមួយចំនួនធំដែលស្ទើតែបាត់រូបរាងដើម។ ប្លង់ប្រាសាទនេះធ្វើយ៉ាងពេញលេញដោយមានកំពែងថ្មបាយក្រៀមពីជាន់ ផ្នែកលយនៃតួប៉មកណ្តាលជាចំណុចខុសប្លែកពីប្លង់មុន។ ប្រាសាទក្រចាប់សង់អំពីឥដ្ឋលើដីរាបស្មើ ព័ន្ធជុំវិញដោយកំពែងថ្មបាយក្រៀមចំនួនពីរជាន់៖

·        កំពែងទី១ ជាកំពែងខាងក្នុងមានបណ្តោយប្រវែង ៤៩ម៉ែត្រគុណ ២៤ម៉ែត្រដោយតភ្ជាប់ដោយគោបុរៈខាងលិចទល់និងថេវរបស់ប្រាសាទ គឺខាងមុខពុំមានទំហំធំមួយនៃសសរដែលមានរាងកោងដូចភ្លក់ធ្វើឱ្យលេចចេញនូវទម្រង់គោបុរៈ។

·        កំពែងទី២ ជាកំពែងខាងក្រៅបង្អស់មានបណ្តោយប្រវែង​ ៦០ម៉ែត្រគុណ៤០ម៉ែត្រកាត់ផ្តាច់ដោយគោបុរៈខាងលិចតែមួយគត់ ហើយបរិវេណចូលទៅកាន់កំពែងនេះមានរាងទូលាយ ដែលប្រកបដោយរុក្ខជាតិដុះដេរដាស។

សម្ភារៈសំណង់

ចំពោះសំណង់ប្រាសាទវិញ សិល្បៈខ្មែរចូលចិត្តសង់ប្រាសាទអំពីឥដ្ឋមានតួប៉មទោល(មួយ)រាងការ៉េ ឬអដ្ឋកោណ(ប្រាំបីជ្រុង)ហើយបែរមុខទៅទិសខាងកើត។ ចំពោះគ្រឹះទោលធ្វើអំពីថ្មបាយក្រៀមចាប់តាំងពីសតវត្សទី៧ រីឯថ្មភក់ប្រើសម្រាប់មេទ្វារផ្តែរប៉ុណ្ណោះ ក៏ប៉ុន្តែសម័យក្រោយមកកែស្ថាបនាតួបោះមឥដ្ឋលើខឿនតែមួយធម្មតា។ នៅចន្លោះសតវត្សទី៩ដល់សតវត្សទី១០តួប៉មប្រាសាទសង់អំពីឥដ្ឋ និងថ្មភក់នៅបន្តដូចគ្នាជាកំណត់អាយុកាលសម្ភារៈពីការវិវត្តន៍ពីឥដ្ឋទៅថ្មភក់[៣]

ផ្តែរទ្វារ

ផ្តែរទ្វារគឺជាសមាសភាគមួយក្នុងការតុបតែងលំអនៃស្ថាបត្យកម្មមួយសម្រាប់ដាក់លើទ្វារក្នុងនៅផ្តែរនៃប្រាសាទក្រចាប់ធ្វើអំពីថ្មភក់ ដែលមានរាងចតុកោណមានតួនាទីជាទម្រហោជាង ស្ថិតនៅលើស៊ុមទ្វារនិងទ្រដោយសសរពេជ្រមួយគូ។ ផ្តែរក្រចាប់មានចម្លាក់លំអជាក្បាច់រមូស្លឹកឈើ រាងដូចដងធ្នូដេក នៅភាគកណ្តាលនៃផ្តែរមានរូបទេពឈរដោយដៃទាំងពីរបួងចុងស្លឹកឈើ។ ចំណែកផ្តែរភាគខាងក្នុងផ្នែកនៃកណ្តាលមានចម្លាក់រាហ៊ូហើយផ្នែកសងខាងលំអដោយចង្វារក្បាច់មូល និងកម្រងស្លឹកឈើ[៤]

សសរពេជ្រ

សសរពេជ្រក្នុងរចនាបថកោះកែរមានរាងប្រាំបីជ្រុងលំនាំប្រហាក់ប្រហែលនិងរចនាបថបាខែង។ នៅប្រាសាទក្រចាប់មានសសរពេជ្រសរុបទាំងអស់ចំនួន២២ដុំ តែនៅសព្វថ្ងៃមានសសរពេជ្រខ្លះរលំក្បាច់ខ្លះ និងខ្លះទៀតត្រូវបានបាត់បង់អស់។ តួសសរនីមួយៗចែកចេញជាប្រាំបីផ្នែក មានរាងប៉ោងបន្តិចនៅតាមជ្រុងហៅថាពេជ្រជ្រុងអមដោយទម្រង់ក្បាច់ពងត្រី និងកងតូចរាងប្រាំបីជ្រុងព័ន្ធជុំវិញសសរជាក្បាច់សន្លឹកឈើដែលមានលក្ខណៈដូចត្របកផ្កាឈូកអង្គរ ខ្លះមានកងច្រើនទៅលើសសរដូចស្លឹកឬស្សី។

សសរផ្អោប

ក្រៅពីសសរពេជ្រឃើញមានសសរផ្អោបជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យស្ថាបត្យកម្មខ្មែរ ដែលស្ថិតនៅជាបើមេទ្វារអមសងខាងច្រកចូល។ ដោយឡែកនៅក្នុងបរិវេណប្រាសាទក្រចាប់ សសរផ្អោបភាគច្រើនពុកផុយបាក់បែកទ្រង់ទ្រាយដើម ពុំមានក្បាច់សេសសល់ឡើយគឺមិនអាចធ្វើឱ្យយើងសិក្សាបានគ្រប់គ្រាន់តែស្នាកស្នាម។

សសរហោជាង

ហោជាងរចនាបថកោះកែរចែកជាពីរបែបគឺហោជាងមានរាងកញ្ចុំជើងឆ្មា និងហោជាងមានរាងត្រីកោណ។ ដោយឡែកប្រាសាទក្រចាប់មានហោជាងទាំងអស់ចំនួន ១២ ក៏ប៉ន្តែសព្វថ្ងៃត្រូវបាក់រលំអស់មួយនៅផ្លូវច្រកចូលខាងកើតជ្រុងខាងជើងហើយចម្លាក់ហោជាងមានរូបព្រះសិវៈជិះគោនន្ទិ។ ចំណែកដងក្តារហោជាងមានរាងសំប៉ែតលំអដោយក្បាច់ផ្កាចន្ទន៍ធំមួយនៅចុងកំពូល ហើយនៅផ្នែកម្ខាងៗមានដងក្តារមានផ្កាចន្ទន៍តូចជាចំនួនបីផ្សេងទៀត។

សិលាចារឹក

សិលាចារឹកប្រាសាទក្រចាប់មានលក្ខណពិសេសមួយក្នុងចំណោមប្រាសាទនានានៅកោះកេរ្តិ៍ពីព្រោះមានសិលាចារឹកច្រើនជាងគេ។ សិលាចារឹកត្រូវបានចុះបញ្ជីរសារពើភណ្ឌ ស្តីពីសិលាចារឹកនៅកម្ពុជាលេខ K-១៨៣ ចែកចេញជា១៦ផ្ទាំង ហើយអាចអានបានត្រឹមតែប្រាំមួយផ្ទាំងតែប៉ុណ្ណោះ។ ដោយឡែកលោក ហ៊្យកសឺដេសពុំអាចធ្វើការបកប្រែតាមផ្ទាំងនិមួយៗនោះទេ លោកបកប្រែសរុបបញ្ចូលគ្នាព្រោះគាត់យល់ថាសិលាចារឹកទាំងនេះចារឡើងដដែលៗ ហើយក៏មានភាពស្មុគស្មាញច្រើនដោយសារសំណេរនិយាយពីឈ្មោះស្រុកនិងមនុស្ស ហើយវាជាទិន្នន័យយ៉ាងសំខាន់បំផុតសម្រាប់ធ្វើការសិក្សាវិភាគពីស្ថាននាម ឋានន្តរនាមតួអក្សរ ព្រះនាមរបស់ព្រះរាជាក៏ដូចជាអាយុកាលនៃសិលាចារឹក។

ការធ្វើកំណាយបុរាណវិទ្យា

នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររបស់នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានចាប់ផ្តើមធ្វើកំណាយដីចាក់បង្គរនៅក្នុងតួប៉មកណ្តាលនៃប្រាសាទក្រចាប់ ដើម្បីស្រាវជ្រាវរកជើងទម្ររបស់បដិមា ដែលមាននៅក្នុងតួប៉មនេះកាលពីអតីតកាល ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបដិមានានា ដែលបានរកឃើញជាបន្តបន្ទាប់ និងធ្វើការប្រមូលទិន្នន័យពាក់ព័ន្ធក៏ដូចជាទីតាំងបដិមា

ឯកសារយោង

1.    George Cooedes. 1937, Nouvelles inscpriptions de Koh Ker, p.52

2.    និស្សិតហូត រដ្ឋា ឆ្នាំ២០០៦ ក្រចាប់ស្ថាបត្យកម្មសំខាន់នៅក្រុុមកោះកែរ ទំព័រ៤១-៤២។

3.    Michael S. Falser, 2000 The Pre Angkorian Temple of Preah Ko. pp.37

4.    និស្សិតហូត រដ្ឋា ឆ្នាំ២០០៦ ក្រចាប់ស្ថាបត្យកម្មសំខាន់នៅក្រុុមកោះកែរ ទំព័រ៤៨។

5.    Jump up to:, , សៀវភៅ ដែនអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកែរ ព្រះបាទជ័យវរ្ម័នទី៤ ដោយលោក ស៊ឹម សុភក្រ្តា ឆ្នាំ២០១៧ ទំព័រទី៣០៨។

6.    និស្សិតហូត រដ្ឋា ឆ្នាំ២០០៦ ក្រចាប់ស្ថាបត្យកម្មសំខាន់នៅក្រុុមកោះកែរ ទំព័រ៥១។

7.    Journal of Khmer Studies, 2009 Udaya p.35

8.    George Coedés, 1966, Inscription du Cambodge. p.104.

9.    Annual Report 2010=Zelnik, I. et al.(eds.) Annual Report 2010, Koh Ker I. p.79.

10.  Kunthea Chhom,2011, Inscriptions of Koh KerI. p.79.

11.  គេហទំព័រហ្វេសប៊ូកផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារ ចុះផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។


















 

Post a Comment

0 Comments