Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ប្រវត្តិប្រាសាទ នគរបាជ័យ | Nokor Bachey Temple

ប្រាសាទ នគរបាជ័យ | Nokor Bachey Temple



កំពង់ចាមគឺជាខេត្តដែលមានវ័យចំណាសមួយ ដែលពោពេញទៅដោយ សម្បត្តិវប្បធម៌ប្រាង្គប្រាសាទ ជាច្រើនដែលសុទ្ធសឹងតែមានអាយុកាលចំណាស់ៗ ដោយឡែកថ្ងៃនេះយើងខ្ញុំសូមលើកយកប្រាសាទដែលកសាងនៅចុងស.វ ទី ១២ គឺប្រាសាទ នគរបាជ័យ ។

ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាម ចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ

សាស្រ្តាចារ្យ​ផ្នែក​សិលា​ចារឹក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អនុ​បណ្ឌិត វង់ សុធារ៉ា បានមាន​ប្រសាសន៍​ថា តាម​រយៈ​សិលា​ចារឹក K-៨២ ដែល​សរសេរ​ជា​ភាសា​បាលី​និង​ភាសា​ខ្មែរ បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​មាន​ការ​សាងសង់​ប្រាសាទ​នគរ​បាជ័យ​នេះ ជា​នគរ​របស់​ស្តេច​ត្រាញ់មួយ។ ប្រាសាទ​នេះ​មាន​ឈ្មោះ​ថា ជ័យវីរសក្តិ ដែល​មាន​ន័យ​ថា ព្រះឥសូរ ដ៏ ជាញជ័យ ។ សិលា​ចារឹក​នេះ​បាន​ត្រូវ​សរសេរ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៥៦៦ ដែល​ត្រូវ​នឹង​សតវត្សរ៍​ទី​១៦ នៃ​គ្រិស្ត​សករាជ ។ ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រ ព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២  តាមលំនាំរចនាបថបាយ័ ។

 នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងដែលលំអរទៅដោយចំលាកអប្សរាជាច្រើន  ។ ប្រាសាទនេះកសាងដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។

នៅលើជញ្ជាំងនៃគោបុរៈទី៣មានលំអដោយរូបទេវតាឆ្មាំភេទស្រី និងរូបបង្អួចបញ្ជោតរំលេចទៅដោយចម្លាក់កូនក្រឡឹងជួរ។ គោបុរៈទី៣នេះ គឺកសាងអំពីថ្មភក់ដែលឃើញមាននៅលើហោជាងខាងជើង សាច់រឿងនិទានពីមហាយាត្រានៃព្រះសិទ្ធត្ថចេញទៅសាងភ្នួស។ សិទ្ធត្ថជាឈ្មោះរបស់ពុទ្ធអង្គមុនពេលដែលព្រះអង្គបានត្រាស់ដឹង។ នៅក្នុងបរិវេណនៃកំពែងទី៣នេះ មានស្រះទឹកចំនួន២។ តាមទ្រឹស្តីតាមបែបពុទ្ធសាសនានិយម ស្រះទឹកនេះគឺតំណាងឧ្យ ស្រះបោក្ខរណីប្រកបដោយគង្គាថ្លាឈ្វេង និងមានបទុមផ្កាបញ្ចេញគន្ធពិដោរក្រអូបឈ្ងុបឈ្ងុយប្រចាំស្ថាន។ តាមព្រហ្មញ្ញសាសនាទ្រឹស្តីបែបលោកធាតុនិយម គូទឹកដែលព័ទ្ធជុំវិញប្រាសាទគឺតំណាងឱ្យមហាសមុទ្រលោកធាតុទាំង៧ កំពែងប្រាសាទ គឺភ្នំលោកធាតុទាំង៧ដែរ រីឯប្រាង្គប្រាសាទគឺជាស្ថានទេវលោក។ នៅក្នុងបរិវេណនៃកំពែងទី២ ចំពីមុខទ្វារចូលខាងឆ្វេងដៃគឺរូបព្រះនរាយណ៍ដៃ៤។ នៅខាងស្តាំដៃគឺរូប អវលោកិតេស្វរៈដៃ៨ ឬហៅម្យ៉ាងទៀតថាលោកិស្វរៈដៃប្រាំបីជាពោធិសត្វដែលជួយសង្គ្រោះ និងផ្តល់សេចក្តីសុខដល់មនុស្សលោក។

ក៏គួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទវត្តនគរបាជ័យ (បន្ទាយព្រៃនគរ) នេះត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ UNESCO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍ ឧទ្យានជាតិភ្នំគូលេន អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ។


















 


Post a Comment

0 Comments