ប្រាសាទបក្សីចាំក្រុង
នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ
ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។
ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី
មានថ្នាក់ៗ ធ្វើពីឥដ្ឋ បែរមុខទៅទិសខាងកើត។ ប្រាសាទនេះមាន៤ ថ្នាក់
កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស
ទ្វារបញ្ឆោតបីទិស តែក្បាច់រចនាសំរាប់បិទពីក្រៅបាត់បង់អស់ហើយ
នៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) ឯចុងទាំងសងខាងមានគណេស
និងមាត់ទ្វារខាងកើតមានសិលាចារិក។
ប្រាសាទនេះ
ប្រហែលជាចាប់ផ្តើមកសាងឡើងដោយព្រះបាទហសវរ្ម័នទី១(៩១០–៩៤៤) និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្រ្ទវរ្ម័ន
(៩៤៤–៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។តាមឯកសារបានបញ្ជាក់ថា
កាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារិកអ្វីឡើយ លុះដល់
ព្រះបាទរាជេន្រ្ទវរ្ម័ននាំរាជធានីពីកោះកេរមកតាំង
នៅអង្គរសាថ្មីវិញនៅគ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេចារិកកាព្យសំស្រ្កឹតនៅលើ មេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជន
ដំបូងបង្អស់នៃជនជាតិខែ្មរក្នុងលំនាំរឿងព្រេងដែលបាននិយាយថាខែ្មរមាន
តំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម “កម្ពុ” ដែលបង្កើតដោយឯកឯង(ស្វាយម្ភូ) ឥសីនោះ
ទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ “មេរា” ទើបបង្កើតជាកូនចៅតរៀងមក
ប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។ឯសិលាចារិកនៅលើទ្វាប្រាសាទ
បញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស
និងកវីទេវកថានៃអារ្យធម៌ខ្មែរ។បើយោងតាមមិតិលោកបណ្ឌិត មីសែល ត្រាណេ ដែលនិយាយអំពីសារសំខាន់របស់សិលាចារឹកប្រាសាទបក្សីចាំក្រុងថា៖
ប្រាសាទបក្សីចាំក្រុង
ដែលបានសាងសង់ឡើង នៅឆ្នាំ ៩២១ នៃគ្រិស្តសករាជ ដោយព្រះបាទហសវរ្ម័នទី។
សំណង់ប្រាសាទធ្វើអំពីឥដ្ឋនិងមានកំពែង ក៏ប៉ុន្តែប្រាសាទនេះ
ត្រូវខូចខាតខ្ទេចខ្ទាំស្ទើរតែអស់ទៅហើយ។ ទោះយ៉ាងនេះក្តីសារសំខាន់របស់ប្រាសាទ
គឺសិលារឹកនៅខាងក្នុងប្រាសាទបានផ្តល់ការយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្មែរយើង។ នៅប្រអប់ទ្វារខាងឆ្វេង
និងស្តាំនៃខ្លោងទ្វារទៅកាន់អាសនៈនៃប្រាង្គប្រាសាទ
គេឃើញមានសិលាចារឹករៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជា ’ចរន្តវប្បធម៌” នាសម័យបុរាណ។
សារសំខាន់នៃផ្ទាំងសិលាចារឹកទាំងពីរនេះ
គឺការបញ្ជាក់អំពីការភ្ជាប់សន្តតិវង្សចេនឡា និងនគរភ្នំ
ពោលគឺរវាងសូរ្យវង្ស និងសោមវង្ស។ ដោយហេតុថា
សន្តតិវង្សទាំងពីរនេះសុទ្ធសឹងតែតពូជវង្សត្រកូលពីឥសីកម្ពុទាំងអស់។
ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើងគឺ
ព្រះរាជវង្សានុវង្សចេនឡាដំបូងបង្អស់មានកំណើតចេញពីឥសីកម្ពុស្វយម្ហូវ (ឥសីដែលកើតឡើងដោយខ្លួនឯង) និងព្រះនាងទេពអក្សរមេរា
ដែលជាព្រះរាជអំណោយរបស់ព្រះឥសូរ។ ព្រះឥសូរជប់នាងទេពអក្សរនេះឡើង
ដើម្បីព្រះរាជទានឲ្យឥសីកម្ពុធ្វើមហេសី។
ដូច្នេះ
ពាក្យកម្ពុជាដែលជាឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន
គឺមានប្រភពចេញពីទេវកថានេះឯង។ នៅក្នុងសិលាចារឹកក៏បានឲ្យដឹងទៀតថា
ព្រះមហាក្សត្រដំពូងនៃសន្តតិវង្សចេនឡា គឺព្រះបាទស្រុតវរ្ម័ន។
ព្រះអង្គមានព្រះរាជបុត្រព្រះនាមព្រះបាទស្រេដ្ឋវរ្ម័ន
ដែលបានកសាងទីក្រុងស្រេស្ឋបុរៈ ឬកុរុក្សត្រនៅតំបន់វត្តភូ
ចំបាសាក់ក្នុងប្រទេសឡាវសព្វថ្ងៃនេះ។
ក្រៅពីបញ្ហាសន្តតិវង្សនៃព្រះរាជាខ្មែរ
ដែលសោយរាជ្យក្នុងសម័យបុរាណ យើងក៏បានដឹងព័ត៌មានស្តីពីនយោបាយដែលមាលក្ខណៈជាប្រវត្តិសាស្ត្រជាតិ
គឺប្រទេសចេនឡាបាន ’រំដោះអ្នកចេនឡាឲ្យផុតពីច្រវ៉ាក់សួយសាអាករ” ពោលគឺរំដោះខ្លួនចេញពីការត្រួតត្រារបស់នគរភ្នំ។
ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី៦
ព្រះរាជានៃចេនឡាដូចជា ព្រះភវរ្ម័ន ដែលជាព្រះបុត្រារបស់ព្រះបាទវីរវរ្ម័ន
និងជាចៅរបស់ព្រះបាទរុទ្រវរ្ម័ន ដែលជាស្តេចមានឥទ្ធិពលដ៏ខ្លាំងក្លា។
ស្តេចអង្គនេះ
បានចាប់ផ្តើមបើកការវាយលុកលើនគរភ្នំកាន់តែខ្លាំងឡើងៗជាលំដាប់
រហូតដល់ទទួលជ័យជំនះជាស្ថាពរក្នុងរជ្ជកាលរបស់ព្រះបាទឥសានវរ្ម័នទី ១ (៦១០-៦៣៥ គ្រិស្តសករាជ)។
តាមរយៈសិលាចារឹកនៃប្រាសាទបក្សីចាំក្រុងនេះ
ធ្វើឲ្យយើងបានដឹងថា
ព្រះបាទសរវរ្ម័នបានរៀបអភិសេកជាមួយក្សត្រីកម្ពុជរាជ
ដែលជាព្រះញាតិខាងម្តាយរបស់ព្រះបាទស្រេស្ឋវរ្ម័ន។ ដោយមូលហេតុនេះហើយ
បានជាព្រះមហាក្សត្រខ្មែរនាសម័យអង្គរសុទ្ធសឹងតែតពូជពង្សពីសន្តតិវង្សទាំងពីរគឺ
សូរ្យវង្ស និង សោមវង្ស។ សូរ្យវង្ស គឺការត្រាប់តាមសុរិយគតិ ឯសោមវង្ស
គឺត្រាប់តាមចន្ទគតិជាប្រតិទិនប្រចាំឆ្នាំ៕
ដោយ៖ Ny Watthanak





















0 Comments