សិល្ប៍វិធីក្នុងការលេងអង្គួចនេះ
គឺត្រូវប្រើសូរទៅតាមក្រអូមមាត់ដោយប្រើខ្យល់កៀបចេញពីបំពង់ក រួចយកអណ្ដាតទល់។
បើចង់បានសូរតូច តឹង ត្រូវទល់អណ្ដាតផិត តែបើចង់បានសូរធំទាប
ត្រូវប្រើចំហបំពង់កឲ្យអស់ ម្យ៉ាងទៀតបើសិនគេចង់លេងសាច់បទភ្លេងណាមួយនោះ
គេត្រូវច្រៀងតាមបទភ្លេងនោះ។
តែបើគេចង់រៀបរាប់តាមមនោសញ្ចេតនាពាក្យសម្ដី
ដូចជាថា៖
(អនអើយ
នាងគេងទៅ) គេត្រូវបញ្ចេញសូរច្រៀងពាក្យនោះដោយផ្លុំរួមផ្សំគ្នាផង។
នោះគេហាក់ឭសូរន័យនៃពាក្យដូរបានរៀបរាប់ខាងលើដែរ។
តាមពិតទៅ
អង្កួចនេះពុំមានលក្ខណៈសំខាន់ក្នុងវង់ភ្លេងណាមួយឡើយ
ដោយភាគច្រើនគេលេងវានៅពេលសម្រាកពីការងារធ្វើស្រែចម្ការក្រោមខ្យល់ល្វើយៗ
ឬពេលរាត្រីស្ងាត់ក្រោមពន្លឺដួងខែ ឬក្មេងប្រុសៗលេងវាជាការអន្ទងចិត្តទៅនារីដែលខ្លួនស្រលាញ់
ព្រោះវាមានសំនៀងថ្ងួចថ្ងូរគួរឲ្យជាប់ចិត្ត។
បើនិយាយអំពីដើមកំណើតរបស់ឧបករណ៍អង្កួចនេះ
យោងតាមបន្ទូលរបស់សម្តេចសង្ឃរាជ ជួន ណាត ក្នុងឆ្នាំ១៩៦៥
នៅមហាកុដិនាវត្តឧណ្ណាលោម
ក្នុងឱកាសប្រជុំតូចជាមួយនឹងក្រុមនិស្សិតផ្នែកភ្លេងបុរាណ ដឹកនាំដោយលោក
ហង្ស ធុនហាក់ និងលោក ឆេង ផុន ស្តីអំពីបញ្ហាតន្ត្រីបុរាណមានព្រះបន្ទូលថា «អង្កួចធ្វើអំពីឫស្សី
ខ្មែរយើងធ្វើត្រាប់តាមជនជាតិរស់នៅលើកោះ ប័រណេអូ (Borneo) អង្កួចធ្វើអំពីដែក ខ្មែរយើងធ្វើត្រាប់តាមជនជាតិម៉ុងហ្គោលី (Monglolia)
រីឯអង្កួចខ្សែ ខ្មែរយើងបង្កើតដោយខ្លួនឯង
ដោយបំបែកចេញមកពីឧបករណ៍ម្យ៉ាងឈ្មោះ អន់ថួច ធ្វើអំពីបំពង់ឫស្សីប៉ុនកដៃ
ស្រដៀងគ្នានឹងត្រដោកឫស្សីដាក់ខ្សែមួយ គោះដោយអន្លូងតូចប៉ុនចង្កឹះ
ឮសូរតែម្យ៉ាងគ្មានបទបែបទេ ប៉ុន្តែក្រោយមកគេយកអន់ថួចនេះ
មកដាក់ផ្អឹបនឹងមាត់ត្រង់ចុងម្ខាងនៃខ្សែគោះបញ្ចេញបទបែបបានយ៉ាងស្រួល
ឧបករណ៍អង្កួចទាំងអស់ខាងលើនេះមិនសំខាន់ក្នុងពិធីណាឡើយ» ។
បន្ទូលរបស់សម្តេចសង្ឃក៏មានលក្ខណៈសមស្របដែរ
ពីព្រោះទំនាក់ទំនងស្អិតរមួតរវាងខ្មែរនិងជនជាតិជ្វាមានតាំងពីយូរយារណាស់មកហើយ
ពិសេស ក្នុងរាជស្តេចជ័យវរ្ម័នទី២ នាចុងសតវត្សទី៨។
ទំនាក់ទំនងខ្មែរនិងម៉ុងហ្គោលី មានតាំងពីក្នុងរាជស្តេចម៉ុងហ្គោល ព្រះអង្គ
គូប៊ីឡែខាន់ (Koubilai Khan)។
ស្តេចអង្គនេះបានបញ្ជាឱ្យឧត្តមសេនីយ៍ សុងហ្គាទូ (Songatou) ចូលមកទន្ទ្រានទឹកដីខ្មែរក្នុងឆ្នាំ១២៨៣ ដល់ឆ្នាំ ១២៨៥ កាលនោះ
ខ្មែរត្រូវបញ្ជូនសួយសារអាករទៅថ្វាយស្តេចគូប៊ីឡែខាន់ ។
យើងអាចសន្និដ្ឋានបានថា
ទំនាក់ទំនងបែបនេះអាចជាប្រភពនៃការឆ្លងគ្នាខាងវិស័យវប្បធម៌
ពោលគឺចាប់ផ្តើមនាំយកឱ្យមាននូវអង្កួចដែកក៏ថាបាន ។
អង្កួចមានស្ទើរគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក
និងសម្បូរបែបបំផុតនៅប្រទេសម៉ុងហ្គោលី។ ចំណែកនៅប្រទេសហ្វីលីពីនវិញ
អង្កួចពិតជាមានប្រជាប្រិយភាពខ្លាំង
រហូតគេមានរោងចក្រសម្រាប់ផលិតឧបករណ៍នេះតែម្តង។
សិល្បករហ្វីលីពីនបានឆ្នៃយកអង្កួចបញ្ចូលទៅក្នុងវង់ភ្លេងសម័យ
តែវានៅតែក្នុងផ្នែកណាមួយនៃបទចម្រៀងប៉ុណ្ណោះ។ លើសពីនេះទៅទៀត ហ្វីលីពីន
បានយកឧបករណ៍អង្កួចនេះ ធ្វើជាអត្តសញ្ញាណរបស់ប្រទេសខ្លួនទៀតផង។
មកដល់សព្វថ្ងៃនេះ
អង្កួច នៅស្រុកខ្មែរយើងស្ទើរតែមិនមានឮគេលេងនៅតាមភូមិស្រុកនានាទៀតទេក្នុងសង្គមខ្មែរ
ហើយឈានទៅរកការបាត់បង់ជាស្ថាពរ
ដោយយើងឃើញនៅមានការប្រើប្រាស់អង្គូចនេះនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ
ហើយថែមទាំងនិយមប្រើប្រភេទអង្កូចផ្សេងៗគ្នាទៀតផង ដូចជា អង្កួចធ្វើអំពីឫស្សី
មាននៅខេត្តសៀមរាបយ៉ាងតិចតួចបំផុត ហើយពុំសូវមានអ្នកពូកែលេងវាឡើយ។
អង្កួចធ្វើអំពីដែក មាននៅខេត្តពោធិ៍សាត់តំបន់ភ្នំក្រវាញ
មានក្នុងចំណោមជនជាតិដើម ប៉ុន្តែមិនសម្បូរទេ។ អង្កួចខ្សែ
មាននៅខេត្តមណ្ឌលគិរី ស្ថិតក្នុងចំណោមជនជាតិដែរ ប៉ុន្តែអង្កួចបែបនេះស្ទើរតែបាត់បង់ទៅហើយ។
អង្កួចអន្ទោក មាននៅលើជនជាតិព័រ ក្នុងខេត្តពោធិ៍សាត់។ អង្កួចទាំងអស់នេះ
មានរបៀបប្រើប្រាស់ និងរបៀបធ្វើមិនដូចគ្នាទេ។
អត្ថបទដោយ៖ ទី
សារឿន





















0 Comments