ស្វែងយល់ពីប្រាសាទជម បារាំងចុះលេខថា ប្រាសាទ U
ប្រាសាទជម ជាប្រាសាទតូចប្រាង្គទោល
និងមានប្លង់ដូចគ្នានឹងប្រាសាទកោរសក់ តែតូចជាងបន្តិច
ខណៈប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២
និងនៅបន្សល់ក្បូរក្បាច់ចម្លាក់យ៉ាងល្អវិចិត្រ ស្រដៀងទៅនឹងប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញនោះដែរ។
ប្រាសាទស្ថិតក្នុងក្រុងអង្គរធំ ប្រាសាទជម
តាំងនៅខាងកើតប្រាសាទកោរសក់បន្តិច ហើយមានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ មានទំហំ ៣៥ x ២៨
ម៉ែត្រ ស្ថិតនៅលើខឿនបីជាន់ខ្ពស់ផុតពីដី មានទ្វារចូលគ្រប់ទិសទាំង ៤
ជ្រកក្រោមម្លប់ព្រឹក្សាយ៉ាងត្រឈឹងត្រឈៃ។
ដោយសារអាយុកាល
និងរងនូវអាកាសធាតុផ្លាស់ប្ដូរតាមរដូវជិត ១០០០ ឆ្នាំ
បានធ្វើឱ្យប្រាសាទនេះបែកបាក់ជាច្រើនអន្លើ ជាពិសេសផ្នែកខាងលើ។
ម្យ៉ាងទៀតក៏ប្រហែលដោយសារថ្មបាយក្រៀមនៅខាងក្នុងឈានដល់កាលវេលាពុកផុយផងនោះ
ទើបថ្មភក់ដែលនៅខាងក្រៅត្រូវរលំធ្លាក់អស់ ប៉ុន្តែនៅរក្សាបានភាពអស្ចារ្យដែលបុព្វបុរសខ្មែររចនាទុក។
ក្បាច់ចម្លាក់ដែលគេស្ញប់ស្ញែង គឺនៅលើផ្ដែរ
ដែលនៅល្អគ្រប់ទ្វារទាំងបួន។ សិល្បករបុរាណបានរចនាផ្ដែរយ៉ាងល្អឆើត ក្បាច់លម្អ
គឺឆ្លាក់ចូលជ្រៅទៅក្នុងសាច់ថ្ម។ ផ្ដែរខាងជើងបង្ហាញពីរឿងកូរសមុទ្រទឹកដោះ
ហើយផ្ដែរខាងត្បូងបង្ហាញឈុតព្រះក្រឹស្ណៈលើកភ្នំគោវធ៌ន (ឆ្លាក់មិនទាន់រួចរាល់)
ឯផ្ដែរខាងលិចបង្ហាញលក្ខណៈត្រីមូតិ គឺមានព្រះសិវៈព្រះហស្ដ ៨ ឈររាំលើក្បាលព្រះកាល
ហើយមានព្រះវិស្ណុ និងព្រះព្រហ្មនៅសងខាង ហើយផ្ដែរខាងកើតបង្ហាញពីទេពគង់លើព្រះកាល។
រីឯនៅលើជញ្ជាំងប្រាសាទវិញមានចម្លាក់ស្រីអប្សរនៅតាមជ្រុង
និងអមស៊ុមបង្អួចចំនួន ២៤ ដែលគេអាចឃើញនៅស្អាតនៅឡើយ។ មានចម្លាក់ទ្វារបាលចំនួន ៨
អមទ្វារចំហទៅទិសទាំងបួន។ រីឯហោជាងភាគច្រើនបែកបាក់ធ្លាក់មកក្រោម។
នៅផ្នែកខាងលិចនៃប្រាង្គប្រាសាទមានចម្លាក់ហោជាងមួយបង្ហាញអំពីព្រះវិស្ណុគង់លើគ្រុឌ
ហើយនៅខាងជើងឆៀងខាងកើតមានចម្លាក់សេះក្បាលបីឆ្លាក់នៅលើផ្ទាំងថ្មមួយ
ដែលទំនងជាយានជំនិះរបស់ព្រះចន្ទ្រា។
ម្យ៉ាងទៀត
នៅក្បែរផ្លូវចូលនៃកំពែងខាងលិចប្រាង្គ
មានចម្លាក់ក្រឡោតខ្ពស់បង្ហាញពីទ្វារបាលពីរអង្គឈរបែរមុខទៅកើត
តែនៅសល់ត្រឹមកជើងលើជើងទម្រប៉ុណ្ណោះ៕
0 Comments