ប្រាសាទតុបខាងកើត (មង្គលាថ៌)
ប្រាសាទមង្គលាថ៌ (មង្គល-លា-រ-ថៈ) ឬ ប្រាសាទតុបខាងកើត សាងសង់ដោយថ្មភក់ រាងជាពីរ៉ាមីត ស្ថិតនៅចន្លោះផ្លូវឆ្ពោះទៅ ច្រកទ្វារជ័យ និងច្រកទ្វារខ្មោច ។ ប្រាសាទនេះសព្វថ្ងៃ ត្រូវបានគ្រប់ដណ្ដប់ដោយស្លែ និងរុក្ខជាតិតូច ធំ ដោយមិនមានការសម្អាតសោះឡើយ ។
ប្រាសាទនេះត្រូវបានកសាងក្នុងរាជ្យ ព្រះបាទជយវម៌្មទី ៨ (បរមេស្វរបទ)
ឧទ្ទិសដល់ព្រាហ្មណ៍ម្នាក់ឈ្មោះ ជយមង្គលាថ៌ ដែលជាកូនប្រុសនៃព្រះរាជគ្រូម្នាក់នៃ ព្រះបាទជយវម្មទី ៧ (បរមសៅគតបទ) ។
ព្រាហ្មណ៍រូបនេះប្រហែលជាកើតនៅ ចុងស.វ.ទី ១២ ហើយរស់នៅដល់អាយុ ១០៤
ឆ្នាំ ។ ប្រាសាទនេះត្រូវបានសម្ពោធនៅម៉ោង ៨ និង ៤៥ នាទី ថ្ងៃទី ២៨ ខែមេសា
ឆ្នាំ ១២៩៥ នេះបើផ្អែកទៅលើសិលាចារឹកដែលរកឃើញនៅទីប្រាសាទនេះស្រាប់ ។
ប្រាសាទនេះត្រូវបានគេកំណត់ថា
ជាប្រាសាទដែលត្រូវបានកសាងចុងក្រោយបំផុតក្នុងសម័យអង្គរ ។
តាមឯកសារ តួប្រាសាទមានតម្កល់នូវបដិមា ២ មួយ
គឺរូបតំណាងឲ្យ ព្រាហ្មណ៍ជយមង្គលាថ៌ និងម្ដាយរបស់គាត់ (សុភត្រ ? Subhadra) ដែលបច្ចុប្បន្នយើងអាចនៅមើលឃើញជើងទម្រ
។ ព្រាហ្មណ៍ជយមង្គលាថ៌ ត្រូវបានគេតម្កើងឲ្យក្លាយជាទេវ ដោយមានព្រះនាមថា
ជយត្រីវិក្រមមហានៈថៈ ? (Jaya Trivikrammahanatha)
ឯម្ដាយរបស់គាត់ក៏ត្រូវបានគេតម្កើងឲ្យក្លាយជាទេវ
ដែរមានព្រះនាមថា ត្រីវិក្រមទេវស្វរិ (Trivikramadevasvari) ។
ប្រាសាទនេះមានទ្វារចូលពីទិសខាងកើត និងទ្វារបញ្ឆោតពី ៣ ទិសផ្សេងទៀត
ដោយមានជណ្ដើរឡើងពីគ្រប់ ៤ ទិស ។ គេឃើញមានចម្លាក់ផ្សេងៗ គ្នាដូចជា ៖
§ ទិសខាងកើត ព្រះវិស្ណុ ផ្ទំលើនាគអនន្តៈ
§ ទិសខាងលិច ផ្ដែររូប ព្រះក្រឹស្ណៈ
ទ្រភ្នំគោវធ៌ន
§ ទិសខាងជើង ព្រះសិវៈ ដែ ៤ រាំពត់ពេន
ដោយមាន សក្ដិ (ជាយា) អង្គុយលើជង្គង់ និងផ្ដែរកូរសមុទ្រទឹកដោះ
§ ទិសខាងត្បូង ព្រះវិស្ណុ ឈាន ៣
ជំហានដើម្បីយកចក្រវាល (ព្រាហ្មណ៍តឿ វាមនៈ ដែលសុំដីយក្ស ៣ ជំហាន) ។
ប្រាសាទនេះត្រូវបានបោសសម្អាត និងរៀបចំជាថ្មីនៅឆ្នាំ
១៩២៤ ដោយ លោក Henri Marchal ។
កាលពីពេលដែលខ្ញុំទៅទស្សនា
ប្រាសាទនេះនៅពេលថ្មី ៗ (១០ កុម្ភៈ ២០១៤) ខ្ញុំប្រទះឃើញ តែចម្លាក់ហោជាង
ព្រះវិស្ណុ ផ្ទំលើនាគអនន្តៈ,
ចម្លាក់ហោជាង ព្រះវិស្ណុ ឈាន ៣ ជំហានយកចក្រវាល
និងចម្លាក់ផ្ដែរ ព្រះក្រិស្នាសម្លាប់នាគកលិយៈ តែប៉ុណ្ណោះ ។
អានបន្ថែម ៖
1. ឈូកខ្មែរ ៖ ប្រាសាទតុប
2. Angkorguide: Monument 487
3. សប្បាយ ៖ ប្រាសាទខ្មែរនៅសល់ប៉ុន្មាន ?
https://tamabmmo.wordpress.com/2014/04/24/east-top-mangalartha/
0 Comments