ប្រាសាទក្តីសូរ
ប្រាសាទ ក្តីសូរ ឬ
កុដិស្វរៈ មានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប។
ប្រាសាទនេះស្ថិតនៅលើដីទួលមួយ ស្ថិតនៅទិសខាងកើត នៃប្រាសាទតាព្រហ្ម
និងខាងជើងប្រាសាទបន្ទាយក្ដី ចម្ងាយពី ផ្លូវប្រហែលជា ២០០ ម៉ែត្រ ។
ប្រាសាទនេះមានប្រាង្គតូច ៣ ធ្វើអំពីឥដ្ឋ
ដែលបច្ចុប្បន្នបានខូចខាតជាទម្ងន់ និងមិនទាន់ទទួលបានការអភិរក្សណាមួយឡើយ
។ បច្ចុប្បន្នមានតែប្រាង្គកណ្ដាលតែប៉ុណ្ណោះដែលនៅមានសេសសល់ជញ្ជាំង
ឯប្រាង្គទាំង ២ សងខាងបានបាក់បែកជាខ្លាំង ។ ថ្វីត្បិតតែមានទំហំតូច
កុដិស្វរៈ មានតម្លៃផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មយ៉ាងខ្ពស់ ។
ប្រាង្គកណ្ដាលត្រូវបានកសាងលើគ្រឹះឥដ្ឋ
ហើយមានយ៉លយចេញធ្វើអំពីឥដ្ឋ (បច្ចុប្បន្នបាក់បែកអស់)
ដោយស្ថិតក្នុងរចនាបថព្រះគោ ឯប្រាង្គទាំង ២
សងខាងត្រូវបានកសាងនៅពេលក្រោយ លើគ្រឹះថ្មបាយក្រៀម
ក្នុងរចនាបថប្រែរូប ។ នៅខាងមុខប្រាង្គខាងត្បូង
គេប្រទះឃើញផ្ដែរមួយរចនាជារូប ព្រះព្រហ្ម អង្គុយក្នុងកាយវិការសមាធិ
ដោយមានអមដោយជនដែលគោរពបូជាព្រះអង្គ ។
ឯផ្ដែរមួយទៀតស្ថិតនៅមុខប្រាង្គខាងជើង
គេឆ្លាក់ត្រង់ឈុតកូរសមុទ្រទឹកដោះ ដោយមានព្រះវិស្ណុផង, អណ្ដើកកូម៌ៈ
(អានថា កូ-រ-ម័ក) ជាអវតារ និងព្រះព្រហ្ម ផងដែរ ។
តាមសិលាចារឹក
ស្ដុកកក់ធំ បានហៅ ទីតាំងនេះថា កុដិ ដែលមានពាក់ព័ន្ធជាមួយនិង
ព្រះបាទជយវម៌្មទី ២ (បរមេស្វរៈ) ។ ចំណែកឯ
សិលាចារឹកមួយទៀតដែលគេយកទៅប្រើប្រាស់សាជាថ្មីក្នុងការសាងសង់
ប្រាសាទបន្ទាយក្ដី បាននិយាយអំពីការគោរពបូជាដល់ ព្រះសិវៈ
ក៏ដូចជាការកសាងបដិមា ព្រះព្រហ្ម តម្កល់ទុកនៅប្រាង្គខាងត្បូង
និងព្រះវិស្ណុ តម្កល់ទុកនៅប្រាង្គខាងជើង ដូចនៅ ប្រាសាទភ្នំបូក
និងភ្នំក្រោមដែរ ដោយ ព្រាហ្មណ៍ សិវកាយ ដែលជាព្រាហ្មណ៍ធំមួយក្នុងរាជ្យនៃ
ព្រះបាទរាជេន្ទ្រវម៌្មទី ២ (សិវលោក) ។ តាមរយៈសិលាចារឹកទាំង ២
យើងអាចនិយាយបាន ថាព្រះបាទរាជេន្ទ្រវម៌្មទី ២
បានសាងសង់បន្ថែមលើទីតាំងសក្ការចាស់ដែលសាងសង់ដោយ ព្រះបាទជយវម៌្មទី ២
កាលពី ១០០ ឆ្នាំមុន ។ នៅឆ្នាំ ១៩៣០, លោក ហង់រី ម៉ារស្ហាល់ និង ហង់រី ប៉ាម៉ង់ទីយេរ
បានធ្វើការបោសសម្អាតទីតាំងនេះ ។ ដូចគ្នានិង ប្រាសាទកបិលបុរៈ, ប្រាសាទកុដិស្វរៈ
ជាទីតាំងប្រាសាទបុរាណដែលនៅប្រើប្រាស់ឈ្មោះដើមរបស់ខ្លួន ។
0 Comments