Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ស្វែងយល់ពីប្រាសាទបី | Prasat Bei Temple

 ប្រាសាទបី

ប្រាសាទបី គឺជាប្រាសាទមួយកសាងឡើងអំពីឥដ្ឋ ដោយមានតួប៉មចំនួនបីឈរតម្រៀបគ្នានៅលើជើងគ្រឹះតែមួយ ដែលមានទទឹង ១០ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រ។

ចំពោះឈ្មោះប្រាសាទបីនេះ គឺមជ្ឍដ្ឋានអ្នកសិក្សាស្រាវជ្រាវបានហៅតាមអ្នកស្រុកដែលរស់នៅជិតនោះប៉ុណ្ណោះ ដោយគេហៅបែបនេះដោយសារ គេឃើញប្រាសាទនេះមានតួប៉មនៅជិតៗគ្នានេះឯង ចំណែកឈ្មោះពិតប្រាកដយ៉ាងណានោះ គឺយើងមិនទាន់ដឹងនៅឡើយទេ។

ប្រាសាទនេះ មានទីតាំងស្ថិតនៅតាមមាត់ថ្នល់ផ្លូវឆ្លងកាត់ចូលទៅកាន់ខ្លោរទ្វារអង្គរធំទិសខាងត្បូង ចន្លោះប្រាសាទបក្សីចាំក្រុងនិងគូទឹកអង្គរធំ និងនៅជិតប្រាសាទថ្មបាយក្អែក។ ដោយគេមើលឃើញថាក្នុងចំណោមតួប៉មកណ្ដាលមានលក្ខណៈនៅល្អ ចំណែកតួប៉មពីរទៀតដែលអមសងខាងនោះមិនមានដំបូល ហាក់ដូចជាមិនទាន់សាងសង់រួចតាំងពីសម័យកសាងប្រាសាទនេះមកម្ល៉េះ។ ប្រាសាទបី ដែលត្រូវបានគេធ្វើការសន្និដ្ឋានថា ជាប្រាសាទមួយដែលកសាងមិនទាន់រួចរាល់នេះ អាចកសាងឡើងតំណាលគ្នានឹងប្រាសាទថ្មបាយក្អែក តាំងពីសតវត្សទី១០ នៃគ្រិស្ដសករាជមកម្ល៉េះ គឺកសាងក្នុងសម័យបាពួន ឃ្លាំង បន្ទាយស្រី និង អង្គរវត្ត ដែលគេនិយមយកឥដ្ឋមកកសាងជាប្រាសាទ គឺមុនយុគសម័យប្រាសាទបាយ័នទៅទៀត។ ហើយប្រាសាទនេះ ត្រូវបានគេធ្វើការសន្និដ្ឋានថាជាស្នាព្រះហស្ថរបស់ព្រះបាទយសោវរ័ន្មទី១ ក្នុងការឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ ១៩៦០ សម័យបារាំង ប្រាសាទនេះត្រូវបានគេធ្វើការជួសជុលបន្ថែម។

នៅក្នុងប្រាសាទកណ្ដាលដែលមានកម្ពស់១០ម៉ែត្រ យើងអាចឃើញមានជើងទម្រលិង្គព្រះឥសូរតាំងនៅទីនោះ។ ហើយនៅត្រង់ផ្តែរនៃប្រាង្គមេនេះផងដែរ យើងមានឃើញរូបចម្លាក់ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ ។

បុរាណវិទូនៅមិនទាន់យល់បានថា តើការកសាងប្រាសាទដោយឥដ្ឋនេះ គេប្រើឥដ្ឋដែលមិនទាន់បានដុតមកតម្រៀបគ្នាធ្វើជាប្រាសាទរួចហើយទើបបានដុតជាក្រោយ ឬមួយយ៉ាងណានោះទេ? ក៏ប៉ុន្តែភាគច្រើនគេមានជំនឿថា ប្រាសាទនេះត្រូវបានគេយកឥដ្ឋដែលដុត ហើយមកតម្រៀបគ្នា រួចហើយយកកាវជ័រដែលបានមកពីការផ្សំបញ្ចូលគ្នានៃវត្ថុធាតុដើមធម្មជាតិជាច្រើនប្រភេទ ដូចជា ទឹកឃ្មុំ ស្ករត្នោត ដំបូកជាដើម មកភ្ជាប់តគ្នា ព្រោះប្រសិនបើយកឥដ្ឋដែលនៅមិនទាន់ដុតមកកសាង វាអាចធ្វើឱ្យប្រាសាទ ស្រុត ឬ ធ្វើឱ្យផ្អៀងបាន ។

















ប្រភព: មរតកកម្ពុជា

 

 

Post a Comment

0 Comments