ប្រាសាទ បាលិលេយ្យ | Prasat Preah Palilay
ប្រាសាទបាលិលេយ្យមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។
ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ - ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។
ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់
មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង
ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។
ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន្ត ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ
និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។
ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ
និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។
ប្រាសាទប៉ាលីឡៃមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន
ហើយមានកំពែងព័ន្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ
និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។ ខ្លោងទ្វារនោះមានលម្អផ្តែរ និងហោជាងដែលមានចម្លាក់រឿងពុទ្ធប្រវត្តិនោះរួមមាន៖
ខ្លោងទ្វារកណ្តាលបែរទៅទិសខាងកើត
មានចម្លាក់ហោជាងស្តីអំពីព្រះពុទ្ធទ្រង់ឈរប្រហែលជាលើកដៃមួយចំហៀងដាក់ត្រឹមដើមទ្រូង
ដើម្បីសម្តែងការទទួលពីអ្នកគោរពបូជាព្រះអង្គ។ ចំណែកផ្តែរនៅខាងក្រោមហោជាងនេះមានបង្ហាញអំពីរូបព្រះពុទ្ធចូលបរិព្វានដោយយកដៃស្តាំទ្រព្រះកេស
និងដាក់ដៃឆ្វេងដាក់សណ្តូកលើព្រះកាយ
ហើយពីក្រោមព្រះអង្គមានក្រុមសាវ័នកំពុងតែយំទួញសោកស្តាយចំពោះការបាត់បង់ព្រះអង្គ។
រូបនេះស្ថិតនៅលើក្បាលកាលា។
ខ្លោងទ្វារខាងជើងបែរទៅទិសខាងកើត និងខាងលិច
មានចម្លាក់ហោជាងស្តីអំពីក្រុមសត្វស្វានិងដំរីគោរពបូជាថ្វាយម្ហូបចង្ហាន់ចំពោះព្រះពុទ្ធ។
ចំណែកនៅក្លោងទ្វារខាងលិចមានចម្លាក់អ្នកគោរពថ្វាយតង្វាយចំពោះព្រះអង្គ។
ចម្លាក់ហោជាងពីរជាន់នៅទិសខាងជើង
ចម្លាក់ជាន់ក្រោមបង្ហាញពីរូបព្រះពុទ្ធប្រោសដំរីឈ្មោះនាឡាគិរី
ដែលត្រូវបានទេវទត្តប្រលែងក្នុងបំណងឱ្យព្រេច(ជាន់)ព្រះពុទ្ធខណៈព្រះអង្គកំពុងនិមន្តបិណ្ឌបាត្រក្នុងក្រុងរាជគ្រឹះ។
ទោះជាយ៉ាងនេះក្តី ពេលនោះដំរីដ៏កំណាចនេះចូលទៅដល់ចំពោះព្រះភ័ក្ត្រព្រះអង្គ
វាបានបែរជាមិនហ៊ានព្រេច ព្រះអង្គដូចជាទេវទត្តសង្ឃឹមទុកឡើយ មិនតែប៉ុណ្ណោះ
វាត្រឡប់ទៅជាស្លូតបាក់បបខ្លបខ្លាចលែងកាចទៅវិញ
ដោយសារព្រះវិជិតមារជាម្ចាស់ទ្រង់ផ្សាំងវាដោយមេត្តាបារមីរបស់ព្រះអង្គ។
ចំណែកនៅផ្នែកខាងលើបង្ហាញពីបរុសពីរនាក់កំពុងកាន់របស់អ្វីម្យ៉ាងដាក់ពន្លទៅលើព្រះកេសរបស់ព្រះពោធិសត្វនៅក្នុងរឿងព្រះតេមិយជាតក។
បើតាមលោក Maurice Glaize មានមតិថា «សំយោគសាសនាមិនមែនជារឿងចម្លែកទេចំពោះជនជាតិខ្មែរ។
ចំពោះរឿងដែលចម្លាក់ព្រះពុទ្ធសាសនានៅប្រាសាទនេះ [ព្រះបាលិលេយ្យ] ដែលមិនរងការដាប់បំផ្លាញនោះ
ប្រហែលដោយសារទទួលបានការការពារពី វត្តទេពប្រណម្យ
និងព្រះបរមរាជវាំងដែលនៅក្បែរខាង។»
អត្ថបទជាភាសាអង់គ្លេស
Angkor Guide: Preah Palilay
អត្ថបទស្រាវជ្រាវអំពី៖
«គោបុរៈប្រាសាទព្រះបាលិលេយ្យ» ដោយ Maurice Glaize,
0 Comments