ម៉ឹម ជាឧបករណ៍មួយប្រភេទដែលគេឃើញមាននាពេលបច្ចុប្បន្ន នៅក្នុងចំណោមជនជាតិភាគតិចនៃតំបន់ភ្នំផ្នែកទិសឦសាននៃប្រទេសកម្ពុជាក្នុងខេត្តរតនគិរី និងមណ្ឌលគិរីរួមមានជនជាតិគ្រឹង ទំពួន ចារ៉ាយ ព្រៅ កាចក់ និងព្នងជាដើម។ បុព្វបុរសខ្មែរយើងបានឆ្លាក់រូបឧបករណ៍ម៉ឹមតាមជញ្ជាំងប្រាសាទដូចជា នៅលើជញ្ជាំងប្រសាទបាយ័នតាំងពីចុងសតវត្សទី១២ ឬ ដើមសតវត្សទី១៣ មកម៉្លេះ។
ឧបករណ៍ម៉ឹម
ជាប្រភេទឧបករណ៍ខ្សែមួយ មានដងធ្វើពីប្ញស្សីឬឈើ មានខ្សែដែកតែមួយ ហើយមានប្រអប់សូរធ្វើពីប្ញស្សីឬឈើ។
បច្ចុប្បន្ន នៅក្នុងចំណោមជនជាតិភាគតិចក្នុងតំបន់ខាងលើនេះ គេឃើញមានប្រអប់សូរធ្វីពីបំពង់ឫស្សីឬកំប៉ុងទឹកដោះគោ
។ តាមរយៈការស្រាវជ្រាវ កាលពីជំនាន់ដើមឧបករណ៍ម៉ឹមនេះគ្មានប្រអប់សូរទេ
គឺគេចងខ្សែអំបោះនៅខាងចុងផ្នែកខាងក្រោមនៃឧបករណ៍ភ្ជាប់ទៅនឹងស្រកាសត្វពង្រូល
កាត់ជារាងមូលដែលអ្នកលេងឧបករណ៍នេះបៀមនៅក្នុងមាត់ចន្លោះធ្មេញលើ និងក្រោម ដោយប្រើប្រអប់មាត់ជាប្រអប់សូរ។
ឧបករណ៍ម៉ឹម មានខ្ទង់៤ ដែលគេបិទនឹងជ័រឲ្យស្អិតជាប់ទៅនឹងដងឧបករណ៍
ដើម្បីនឹងរត់ខ្សែដែកមួយពីលើ។ គេប្រើឆាកធ្វើពីប្ញស្សីបិតឲ្យតូចស្តើង ប្រើជ័រឈើ
ដូចជាជ័រស្អុង រូតទៅលើឆាកដើម្បីឲ្យស្អិតកូតទៅឮសូរ។
របៀបប្រើប្រាស់
ជនជាតិភាគតិចក្នុងតំបន់ខាងលើនេះ
តាមការអង្កេតឃើញថាមានតែបុរសទេដែល លេងឧបករណ៍ម៉ឹមទោលដើម្បីកែកម្សាន្ត
ឬចែរចង់ទំនាក់ទំនងស្នេហារវាងបុរស និងស្ត្រីកំដរអ្នកច្រៀង
ឬក្នុងវង់ភ្លេងរួមជាមួយនឹងឧបករណ៍ជីងរៀង ឬចាប៉ីឃ្លោក និងដ្រួ ឬ ខ្លុយ។
ជនជាតិគ្រឹងលេងឧបករណ៍ម៉ឹមក្នុងចម្រៀងមួយចំនួននៃអាយ៉ៃហាំប៊ុង
និងរបាំដូចជារបាំយុវ័នរួមសាមគ្គី និងប៊ុនហ៊ាជាដើម។
ខេត្តរតនគិរី
ស្ថិតនៅតំបន់ផ្នែកឦសាននៃប្រទេសកម្ពុជា ចម្ងាយប្រមាណ៥១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ
ភូមិតងណងឡិ ស្ថិតនៅក្នុងស្រុកអូរជុំ ចម្ងាយប្រមាណ១៩គីឡូម៉ែត្រពីទីក្រុងបានលុង
(ទីរួមខេត្តរតនគិរី) ជាភូមិស្ថាននៃជនជាតិភាគតិចគ្រឹង។
យោងលើបទសម្ភាសន៍របស់ក្រុមស្រាវជ្រាវរបស់យើង
ជនជាតិគ្រឹងនៅមានសល់អ្នកដែលចេះលេងឧបករណ៍ម៉ឹមតែមួយចំនួនតូចប៉ុណ្ណោះ។ អ្នកដែលចេះលេងម៉ឹមទាំងនេះ
រៀនសូត្រឧបករណ៍នេះពីឪពុក ឬគ្រូចាស់ៗដែលនៅក្នុងសហគមន៍។
យុវជនគ្រឹងនាពេលបច្ចុប្បន្នហាក់ដូចជា ពុំសូវមានចំណង់នឹងរៀនសូត្របន្តលើឧបករណ៍នេះឡើយ។
នេះជាកត្តាព្រួយបារម្ភមួយលើវាសនាអនាគតរបស់ឧបករណ៍ម៉ឹមដ៏មានតម្លៃ
ព្រោះឧបករណ៍ម៉ឹមជាឧបករណ៍ប្រវត្តិសាស្ត្រដូចដែលបានរៀរាប់ខាងលើថា
ជាឧបករណ៍មួយឆ្លាក់នៅលើជញ្ជាំងសិលាប្រាសាទបាយ័នតែមួយគត់។
អត្ថបទដើម៖ លោកបណ្ឌិត សំ
សំអាង








0 Comments