Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ស្វែងយល់អំពី ព្រះខ័នរាជ្យ​ របស់ព្រះមហាក្សត្រខ្មែរ | Preah Khan Reach

 ព្រះខ័នរាជ្យ



ក្នុងប្រពៃណីក្សត្រខ្មែរ ដែលមានជារៀងមកគឺត្រូវមានគ្រឿងចំនួនប្រាំសម្រាប់រាជ្យ គ្រឿងនោះមានដូចជា ព្រះមហាមកុដរាជ្យ ព្រះវាលវិជនី ព្រះខ័នរាជ្យ ព្រះមហាស្វេត្រឆ័ត្រ និងព្រះសុពណ៌បាទុការ។ ព្រះខ័នរាជ្យ ឬព្រះខ័នជ័យ ជាឈ្មោះសស្ត្រាមួយស្ថិតក្នុងចំណោមគ្រឿងរាជកកុធភណ្ឌ សម្រាប់ព្រះមហាក្សត្រខ្មែរ។ ដើម្បីប្រារព្ធព្រះរាជពិធីរាជពិសេដ ព្រះមហាក្សត្រត្រូវមានគ្រឿងសម្រាប់រាជ្យឲ្យគ្រប់មុខ ដែលហៅរួមថា បញ្ចកកុធភណ្ឌ ឬរាជកកុធភណ្ឌ។ ដោយហេតុថាព្រះខ័នត្រូវបានរាប់បញ្ចូលក្នុងគ្រឿងរាជកកុធភណ្ឌដូច្នេះហើយ ទើបមិនបានរាប់ជាគ្រឿងចម្បាំងដោយត្រង់បានតែត្រូវបានរាប់ទៅជាគ្រឿងសម្រាប់សឹកពិសេស ឬជាគ្រឿងប្រហារជាន់ខ្ពស់ កាលបើស្ដេចនឹងចេញទៅធ្វើព្រះរាជសង្គ្រាម ក៏ត្រូវយកព្រះខ័នជាប់នឹងព្រះអង្គជាដរាប តែមិនមែនយកទៅប្រើកាប់សម្លាប់ផ្ដេសផ្ដាសដូចអាវុធធម្មតាឯទៀតទេ លុះតែកាលណាសត្រូវដែលអង់អាចចូលមកដល់ព្រះអង្គ ហើយត្រូវប្រើអាវុធប្រហារនោះ ទើបអាចប្រើព្រះខ័នរាជ្យប្រហារឲ្យវិនាសទៅបាន រួចសេចក្ដីទៅថា ត្រូវតែសម្លាប់ដោយកិត្តិយស។ ព្រះខ័នរាជ្យត្រូវបានតម្កល់ទុកនៅហោព្រះបញ្ចក្សេត្រ ក្នុងប្រាសាទសំរិទ្ធភិមាន ប្រាសាទនេះស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យ ប្រើប្រាស់សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌ។ នៅក្នុងហោព្រះខ័ននេះ ក្រុមបារគូបានរៀបចំអាសនៈ ថ្វាយទេវៈខាងព្រហ្មញ្ញសាសនាដែលមាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ នៅក្នុងព្រះបរមរាជវាំង មានពួកបារគូជាភ្នាក់ងារថែរក្សាយ៉ាងតឹងរ៉ឹង ហើយនឹងមានកិច្ចធ្វើពិធីបូជារៀងរាល់ខែផង កំណត់ពលីការក្នុង ១ខែ ២ដង ជាធម្មតា គេធ្វើខាងខ្នើតម្ដង និងខាងរនោចម្ដង តែជួនកាលខាងខ្នើតមិនបានធ្វើ គេទៅធ្វើខាងរនោចពីរដងតែម្ដងក៏មាន។ ការធ្វើពិធីខាងខ្នើតខាងរនោចនេះ មិនមានកំណត់ឲ្យជាការទៀងទាត់ទេ ស្រេចតែមានឱកាសស្រួលកាលណា ក៏ធ្វើកាលនោះទៅ មានកំណត់ទៀងតែក្នុង១ខែត្រូវធ្វើពីរដង ហើយមានកំណត់ថ្ងៃដែលត្រូវធ្វើបានតែ ៣ថ្ងៃប៉ុណ្ណោះ គឺ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ក៏ប៉ុន្តែក្នុងមួយខែៗ គប្បីធ្វើឲ្យត្រូវក្នុងព្រហស្បតិ៍ម្ដង ជាដរាបដល់គ្រប់ទាំង ១២ខែ ចំណែកឯថ្ងៃអង្គារ និងថ្ងៃសៅរ៍ គេធ្វើឆ្លាស់គ្នា។ ឯគ្រឿងពលីការព្រះខ័នរាជ្យរៀងរាល់ខែនោះ មានកំណត់ចំនួនជា សំពត់ស ៤ត្បូង គឺ ៣២ហត្ថ បាយសី ៥រួត ១គូ ស្លាធ័រ ១គូ ស្លាជម ១គូ ស្លាត្រួយ ៥ បាយព្រះ ៥កន្ទង ប្រាក់កាស ៥ស្លឹង ចម្អាប ២តុ បង្អែម ២តុ ក្បាលជ្រូក ១គូ ទាស្ងោរ ១គូ មាន់ស្ងោរ ១គូ។ គេរៀបតុ១ តូចទាបក្រាលពូក ដាក់ខ្នើយតូច១ ពីមុខតុ គឺពីខាងកើត គេក្រាស់ព្រំ ហើយរៀបគ្រឿងពលីការ ដូចមានខាងលើនេះ វេលាប្រមាណយាម ២ គឺម៉ោង ១០ព្រឹក គេអញ្ជើញព្រះខ័នមកដាក់តម្កល់លើពូក ដាក់ចុងទៅខាងត្បូង គល់ទៅខាងជើង ហើយពួកព្រាហ្មណ៍ ៨នាក់សូត្របូជា ស្រេចហើយអញ្ជើញទុកកន្លែងដើមវិញ ។ ការហូតព្រះខ័ននេះចេញពីស្រោម មានកំណត់ហូតបានតែក្នុងថ្ងៃអង្គារដែលមានធ្វើពិធីពលិការ ថ្ងៃឯទៀតដូចជាថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ សូម្បីមានពលីការក៏ហូតមិនបានដែរ ។ ព្រះខ័នរាជ្យអង្គនេះ ជារបស់បរមបុរាណតាមក្នុងព្រះរាជពង្សាវតារថា សាងឡើងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះកេតុមាលា រួមវេលាប្រមាណជាង ១០០០ឆ្នាំហើយ 

លក្ខណៈព្រះខ័នរាជ្យ

ផ្លែព្រះខ័ន មានមុខទាំងសងខាង រាងប្រហែលនឹងស្លឹកស្រូវ ។ ព្រះខ័នរាជ្យមានចំណុចខំខាន់បីដូចជា ផ្នែកដងព្រះខ័នតំណាងឱ្យព្រះនរាយណ៍ ផ្នែកកណ្តាលព្រះខ័នតំណាងឱ្យព្រះឥសូរ ចំណែកផ្នែកខាងលើតំណាងឱ្យព្រះព្រហ្ម។ មានរឿងមួយតំណាលមកថា ព្រះព្រហ្មបានឱ្យឧវាទទៅព្រះឥន្ទ្រ ដើម្បីយាងទៅជួបព្រះឥសូរ និងព្រះនរាយណ៍នៅឋានព្រះកៃលាស ហើយសូមឱ្យទេពទាំងពីរអង្គនេះ ជួយប្រាប់អំពីវិធីសិតព្រះខ័នរាជ។ ព្រះឥសូរក៏បានចាត់ឱ្យចិត្របុត្រ និងចិត្របាលទៅរកមាសសុទ្ធនៅបាតភ្នំយុគន្ធរ ហើយទៅរកត្បូងពេជ្រ និងសំរិទ្ធិពីភ្នំត្រៃកូដ រីឯព្រះនរាយណ៍វិញក៏ចាត់ឱ្យជ័យអមតទៅយកទឹកដែលមានជាតិដែកនៅបាតភ្នំព្រះសុមេរុ។ លុះបានវត្ថុទាំងនេះហើយទេពទាំងពីរបានប្រគល់ឱ្យទៅព្រះឥន្ទ្រ ដោយសូមឱ្យព្រះឥន្ទ្រសាងរូបព្រះព្រហ្មនៅខាងចុងព្រះខ័ន រូបព្រះឥសូរនៅកណ្តាល និងរូបព្រះនរាយណ៍នៅគល់ផ្លែ។ នៅគល់ផ្លែនិងតាមជួរកណ្ដាលផ្លែមានក្បាច់ វៀរតែមុខនិងចុង នៅរវាងក្បាច់ខាងគល់ផ្លែទាំងសងខាង មានរូបព្រះឥន្ទ្រ គង់លើដំរីក្បាលបី និងរូបព្រះវិស្ណុឈរលើក្បាលរាហូ ។ ដងមាសក្បាច់មានសុះ ហើយបញ្ចុះថ្នាំពណ៌ ចុងដើមដងមានប្រដាប់ដោយត្បូងផ្សេងៗជាច្រើនគ្រាប់ ។ ស្រោមមាស មានរចនាសុះ រវាងកណ្ដាលស្រោមមានរូបព្រះវិស្ណុ ព្រះរាម គង់លើពាហនៈផ្សេងៗ គឺនៅខាងចុងស្រោមឬនៅខាងលើបង្អស់ មានរូបព្រះវិស្ណុព្រះហស្ដ៤ គង់លើគ្រុឌ នោះចាប់នាគដោយជើងទាំងសងខាង តមកមាន៥រូប គេសន្និដ្ឋានរូបព្រះរាមគង់លើស្ដេចពានរផ្សេងៗ គឺគង់លើមហាជម្ពូ គង់លើពាលី គង់លើសុគ្រីព គង់លើអង្គទ គង់លើហនុមាន។















ឯកសារយោង

1.       http://www.elibraryofcambodia.org/preah-reach-pithi-thvea-tor-sor-meas-pheak-ti-1-ebook

2.       http://www.yosothor.org

 

Post a Comment

0 Comments