Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

ព្រះមហាមាលាទ្រង់ប្រពាស | Preah Mha Mealea Trong Brapas

#ព្រះមហាមាលាទ្រង់ប្រពាស



ព្រះមហាមាលាទ្រង់ប្រពាស(មាលាទ្រង់ប្រពាត)ជាព្រះមាលាប្រដាប់ព្រះសិរដ៏សំខាន់មួយក្នុងចំណោមព្រះមាលាផ្សេងៗទៀតដែលអង្គព្រះមហាក្សត្រខ្មែរយើងទ្រង់និយមប្រើប្រាស់តាំងពីសម័យមុនមក។ ជាទូទៅព្រះមហាមាលាទ្រង់ប្រពាសនេះ ត្រូវបានអង្គព្រះមហាក្សត្រទ្រង់នៅវេលាព្រះអង្គគង់លើព្រះទីនាំងគជេន្ទ្រនាឱកាសយាងចេញប្រទក្សិណព្រះនគរក្នុងព្រះរាជពិធីរាជាភិសេក ឬសម្រាប់ព្រះអង្គទ្រង់នាវេលាស្តេចគង់លើព្រះទីនាំងគជេន្ទ្រសឹកដើម្បីយាងចេញទៅធ្វើព្រះរាជសង្គ្រាមជាដើម។

យោងតាមសៀវភៅព្រះរាជពិធីទ្វាទសមាសភាគ១ ព្រះមាលាទ្រង់ប្រពាសដែលត្រូវបានប្រើប្រាស់ពីបុរាណមកមានរាងមូល កំពូលធ្វើពីមាសលក្ខណៈជាឈូកមូលច្រើនថ្នាក់ហើយស្រួចឡើងទៅលើ តួព្រះមាលាពាសដោយសំពត់ពណ៌មាសយ៉ាងវិចិត្រដោយមានក្រឡាសង្រែកធ្វើអំពីមាស៨ជុំវិញ ក្រឡាសង្រែកទាំង៨នេះមានឆ្លាក់ជារូបទេពគង់លើក្បាលរាហ៊ូ ឯនៅចន្លោះនោះមានក្បាច់ជារាងជំពុះគ្រុឌតូចៗនៅអមសងខាង។ ចំណែកឯនៅរំភាយពីខាងក្រោយវិញមានជារូបអង្គព្រះវិស្ណុគង់លើស្មាគ្រុឌដែលកំពុងជ្រែងជើងចាប់លើ កនាគហើយត្រដាងស្លាបទាំងសងខាងចាប់កន្ទុយនាគ។ លើសពីនេះតួព្រះមាលាទាំងមូលក៏ត្រូវបានលម្អរដោយក្បាច់ភ្ញី ប្រទាក់គ្នាយ៉ាងល្អប្រណិតផងដែរ។

ព្រះមហាមាលាទ្រង់ប្រពាសនេះតាំងពីបុរាណមកត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់អង្គព្រះមហាក្សត្រដូចជា ពិធីប្រទក្សិណព្រះនគរក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជ្យសម្បត្តិជាដើម។ តាមទំនៀម ក្នុងក្បួនប្រទក្សិណព្រះនគរ បន្ទាប់ពីអង្គព្រះមហាក្សត្រយាងចុះពីព្រះទីនាំងអស្សតររួចហើយនោះ ព្រះករុណាទ្រង់នឹងផ្លាស់ព្រះមហាមាលាចេញ ហើយប្តូរមកគ្រងព្រះមហាមាលាទ្រង់ប្រពាសវិញដោយយាងឡើងគង់លើព្រះទីនាំងគជេន្ទ្រដើម្បីបន្តព្រះរាជដំណើរត្រឡប់ មកកាន់ព្រះបរមរាជវាំងវិញ។ ឯព្រះទីនាំងគជេន្ទ្រនោះនឹងធ្វើដំណើរមកដល់ព្រះកើយមុខព្រះទីនាំងសម្រាន្តភិរម្យ ជាទីសម្រាប់យាងព្រះករុណាចុះពីព្រះទីនាំងគជេន្ទ្រចូលទៅព្រះទីនាំងសម្រាន្តភិរម្យ ដើម្បីសម្រួលព្រះវរកាយបន្ទាប់ពីបញ្ចប់ព្រះរាជពិធីប្រទក្សិណព្រះនគររួច។

ក្រៅអំពីជាព្រះមាលាសម្រាប់អង្គព្រះមហាក្សត្រហើយនោះ មួកប្រភេទនេះក៏ជាមួកជាន់ខ្ពស់សម្រាប់មន្ត្រីរាជការផងដែរ ទាស់តែថាមួកសម្រាប់មន្ត្រីមិនមានក្បាំងដូចព្រះមហាមាលាទ្រង់ប្រពាសឡើយ។ មួកប្រពាសដែលមានប្រើប្រាស់សម្រាប់មន្ត្រីរាជការពីសម័យមុនក្នុងវេលាចូលរួមព្រះរាជពិធីធំៗ ឬសម្រាប់ចេញធ្វើសឹកសង្គ្រាម ត្រូវបានគេចែកចេញជាប្រភេទផ្សេងៗគ្នាទៅតាមលំដាប់ថ្នាក់មន្ត្រីដូចជា :

មួកសម្រាប់សេនាបតីត្រូវពាសដោយសំពត់ពណ៌មាស ចំដោយជាខ្សែសយពណ៌មាស។

មួកសម្រាប់មន្ត្រីស័ក្តិ៩ហ៊ូពាន់ពាសដោយសំពត់ពណ៌ប្រាក់ ចំដោយជាខ្សែសយពណ៌មាស។

មួកសម្រាប់មន្ត្រីស័ក្តិ៨ហ៊ូពាន់ពាសដោយសំពត់ល្បើកចំដោយជាខ្សែសយពណ៌មាស។

មួកសម្រាប់មន្ត្រីស័ក្តិ៧ហ៊ូពាន់ចុះក្រោមមកត្រូវពាសដោយសំពត់ល្បើក ចំដោយសំពត់ព្រែពណ៌ផ្សេងៗ។ ចំណែកឯកំពូលគឺធ្វើពីឈើស្រោបមាសដូចគ្នាទាំងអស់។

យោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ពាក្យ"ប្រពាត"នេះជាពាក្យកិរិយាសព្ទក្លាយចេញមកពីពាក្យសំស្ក្រឹត "ប្រវាស" មានន័យថាចេញឃ្លាតចាកលំនៅ។ ប្រសិនបើត្រូវការប្រើអោយត្រឹមត្រង់តាមប្រភពរបស់ពាក្យគួរប្រើ "ប្រពាស" វិញព្រោះពាក្យសំស្ត្រឹត ប្រវាស វិវត្តន៍ជា ប្រពាស (វ > ព)។ ទោះលំបាកនឹងហៅតាមតែបើធ្វើជាទម្លាប់ប្រើយូរៗទៅក៏អាចនឹងស្រួលមាត់ទៅឯង។


















 ប្រភព: https://web.facebook.com/BORANAJA/?ref=page_internal


Post a Comment

0 Comments