ដោយ
វណ្ណ វិរៈបុត្រ
ដូចដែលយើងដឹងស្រាប់
សាជីតែងមានរាងមូលក្រឡូម ស្រួចទៅលើ
ហើយជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងរយៈពេលណាមួយ ។ ជាប្រពៃណីរៀងមក
សាជីតែងមានគ្រប់ទីកន្លែង មិនថានៅតាមផ្ទះឬវត្តអារាម មិនថាសម្រាប់អាហាររាល់ថ្ងៃ ឬនៅពេលមានបុណ្យទានឡើយ។
ក្នុងកិច្ចពិធីក៏ឃើញមានប្រើសាជីខ្លះៗដែរ
ដូចជាមានប្រើប្រាស់ក្នុងពីធីមង្គលការមួយចំនួន។
សាជីប្រើជាលក្ខណៈក្នុងកិច្ចនេះមានច្រើនទៅទៀត។
យើងក៏ឃើញមានក្នុងព្រះរាជពិធីមួយដែលប្រារព្ធធ្វើនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។
ព្រះមហាក្សត្រីយានីគង់នៅជិតតុដែលតម្កល់គ្រឿងសក្ការៈ
ហើយនៅចុងតុនោះក៏មានជើងពានមួយដែលគ្របដោយសាជី។
សម្រាប់ប្រើប្រាស់ជាមួយគ្រឿងសក្ការៈដែលមន្រ្តីតូចធំយកមកថ្វាយព្រះមហាក្សត្រ។
ក្នុងនោះមានទៀន, ទឹកអប់
និងផ្កាម្លិះដាក់ក្នុងកន្ទោងដែលមានសាជីគ្របពីលើ។
វត្ថុធាតុប្រើសម្រាប់ធ្វើសាជីនេះតែងខុសៗគ្នាទៅតាមតម្រូវការ។
ប្រើគ្រាន់តែធ្វើដើម្បីគ្របអាហារមួយពេលឬពីរពេលហើយចោល
ផ្ទាំងដែលពាសនោះអាចជាក្រដាសឬស្លឹកចេកជាដើម។ បើទុកប្រើឲ្យបានវែងឆ្ងាយជាងនោះ
គេប្រើរុក្ខជាតិអ្វីមួយដែលជាប់ជាងនេះមានស្លឹកត្នោត, ឫស្សី
ឬក៏ស្លឹកអ្វីទៀតដែលមាននៅតាមបរិស្ថានតំបន់នីមួយៗ។
ពេលនេះដែលយើងសូមលើកយករបៀបធ្វើសាជីមួយមកបង្ហាញ
ដោយសង្ខេបខ្លីល្មម ហើយដែលយើងបានទៅមើលគេធ្វើនៅភូមិមួយក្នុងស្រុកកោះធំ។
ក្នុងការធ្វើនេះគេផ្តើមពុះឫស្សី យកមកបិតឲ្យបានស្តើងល្អដោយប្រើកាំបិតបន្ទោះ
គេរែងបន្ទះស្តើងតូចៗនេះឲ្យជាប់គ្នាបន្តិចសិន
ទើបចាប់កងពីកំពូលមកមុន ដោយមានដុំឈើដែលមានចុងស្រួចជាទ្រនាប់ ។
គេត្រូវប្រយ័ត្នពីការកដំបូងនេះ ដ្បិតវាអាចវៀចឬខុសគោម។ លុះបានជាកំពូលស្រួចបន្តិច
ហើយ គេប្តូរទ្រនាប់ដែលមានរូបរាងធំដើម្បីត្បាញបន្តទៀត ។
គេបន្តត្បាញរហូតដល់បានរាងសាជីទាំងមូល
រួចហើយកាត់តម្រឹមបន្ទោះឫស្សីដែលជាបាតនោះឲ្យស្មើគ្នា មុននិងចាប់ ក្តាប់បាតសាជីនោះ
កណ្តាប់នេះគេធ្វើតាមក្បាច់មួយហៅថា ជើងក្អែប ។
និយាយរៀបរាប់មកនេះគឺបានរួចរាល់រូបរាងសាជី តែនៅខ្វះកំពូល។ ឈើដែលមកធ្វើជាកំពូលភាគច្រើនគឺ
គគីរ និងប្រេងខ្យល់ កំពូលនេះពិបាកធ្វើជាងតួសាជី ដ្បិតគេត្រូវក្រឡឹងដោយប្រើអន្ទោក ។
ឧបករណ៍ដែលចាំបាច់មួយទៀតនោះគឺពន្លាកច្រើនប្រភេទខុសៗគ្នា
ក្រឡឹងក្នុងអន្ទោកនោះ ជើងត្រូវជាន់
ហើយដៃស៊កពន្លាកចូល រួចដូរពន្លាកទៅតាមមុខរបស់វាដែលយើងត្រូវការ មកដល់ត្រឹមនេះគឺរួចរាល់ទាំងសាជីនិងកំពូល
ប៉ុន្តែដើម្បីភ្ជាប់គ្នា ត្រូវយកដែកមកខៃផ្នែកខាងក្រោមនៃកំពូលនោះឲ្យធ្លុះ
ទើបយកឫស្សីវាយជាគន្លាស់បញ្ជូលឲ្យជាប់ជាមួយសាជីតែម្តង។
http://www.yosothor.org/publications/khmer-renaissance/chapter-one/I_77.html




















0 Comments