ជំនឿត្រូវបានគេចាត់ទុកថាជា «ព្រលឹង» រឺការផ្តល់នូវទំនុកចិត្ត ដូច្នេះប្រសិនជាយើងមានជំនឿលើវត្ថុអ្វីមួយ រឺអ្នកណាម្នាក់គឺស្មើនឹងបានផ្តល់នូវទំនុកចិត្តលើវត្ថុ រឺអ្នកនោះ ដោយហេតុផលថា វត្ថុនោះ រឺអ្នកនោះ អាចជួយខ្លួនយើងបាន ។ ជំនឿកើតឡើងតាមរយៈនិន្នាការ ទស្សនៈ ប្រពៃណី និងសាសនា ហើយវាកើតឡើងលើគ្រប់មនុស្សទាំងអស់នៅលើផែនដីនេះ ។
ជាការពិតណាស់ នៅពេលដែលមនុស្សជួបទុក្ខលំបាក
មានឧបកសគ្គក្នុងការដំណើរការជីវិតរស់នៅរបស់គេ ហើយគ្មានអ្នកណាអាចជួយបាន
នៅពេលនោះមនុស្សត្រូវការស្វែងរកទីពឹងពុំនាក់ដែលទុកចិត្តមួយ
រឺនិយាយអោយចំ គឺត្រូវការជំនួយ ។ នៅពេលនោះ «ជំនឿ» បានដឹកនាំគេទៅរកផ្លូវរូបិយខ្លះ
ផ្លូវអរូបិយខ្លះ ដោយមានទំនុកចិត្តថារឿងរ៉ាវ រឺវត្ថុ
រឺមនុស្សទាំងនោះអាចជួយខ្លួនបាន តួរយ៉ាងអ្នកកាន់ព្រះពុទ្ធសាសនា
(អ្នកមានជំនឿលើព្រះពុទ្ធសាសនា)
នៅពេលដែលគេជឿថាខ្លួនគេមានគ្រោះកាចចង្រៃមកយាយី គេតែងរត់ទៅរកអាចារ្យ
រឺព្រះសង្ឃដើម្បីជួយដោះស្រាយ ។ ជួនកាលការជួយដោះស្រាយនោះ
បានមកពីការពន្យល់ណែនាំ និងជួនកាលបានមកពីការប្រើប្រាស់មន្តអាគមន៌
មានការទស្សន៌ទាយ សូត្រវេទមន្តជាដើមដើម្បីដោះស្រាយបញ្ហា ។
ជាលទ្ធផលបានខ្លះមិនបានខ្លះ តែចាត់ទុកជាការពឹងពាក់ដ៏ល្អមួយ ។
និយាយពីរឿងព្រះសង្ឍក្នុងព្រះពុទ្ធសាសនាសូត្រមន្តស្រោចទឹករំដោះគ្រោះ
រំលោះកម្ម រឺដេញខ្មោចព្រាយបិសាចវិញ ក៏ចាត់ទុកជាជំនឿមួយ
ដែលបានអនុវត្តន៌អស់រាប់ពាន់ឆ្នាំមកហើយ។
បើទោះជាការប្រើប្រាស់សកម្មភាពគ្មានហេតុផលមួយចំនួនដែលព្រះពុទ្ធសំដែងថា «មិនគួរ»
ក៏ដោយក៏ការធ្វើនេះបាននាំមកនូវសេចក្តីសុខផ្លូវចិត្តមួយសម្រាប់មនុស្សដែរ
។ ព្រះពុទ្ធបានសំដែងថា «កម្មជារបស់ខ្លួន
កម្មបានបែងចែកមនុស្សទៅតាមកម្ម» ដូច្នេះ រឿងល្អក្តី
អាក្រក់ក្តីមិនចូលគ្នាទេ ហើយក៏គ្មានអ្វីអាចជួយរំលោះគ្នាដែរ
ប៉ុន្តែការធ្វើអោយមានសេចក្តីទុកចិត្តក្នុងផ្លូវចិត្តគឹជាធម្យោយបាយក្នុងការស្វែងរកផ្លូវត្រូវរបស់មនុស្ស
។ នៅពេលដែលយើងមានជំនឿថា ការសូត្រមន្តស្រោចទឹក រំដោះគ្រោះ
អាចជួយសម្រាលកង្វល់យើងបាន ពេលនោះក្នុងចិត្តរបស់យើងក៏បានធូស្រាល
ព្រោះនេះជាផលល្អមួយដែលបានមកពីជំនឿលើការស្រោចទឹក ។
សរុបមកជំនឿលើការស្រោចទឹកត្រូវចាត់ទុកជាទម្លាប់ខ្លះ
ជាព្រលឹងខ្លះ ហើយលទ្ធផលមានខ្លះ មិនមានខ្លះ
តែក៏ធ្វើអោយមានរឿងអវិជ្ជមានមួយចំនួនកើតឡើងផងដែរ
នៅពេលដែលមនុស្សប្រើប្រាស់ជំនឿខុស រឺជ្រុលហួសហេតុពេក ។ ព្រះពុទ្ធសំដែងថា
«ជំនឿត្រូវប្រកបដោយបញ្ញា» ធ្វើអ្វីៗត្រូវគិតពិចារណាអោយបានល្អិតល្អន់ដើម្បីជៀសផុតពីផលប៉ះពាល់ផ្សេងៗ
។
ដោយ ច.
សម្បត្តិ













0 Comments