ជំនឿលើការសូត្រមន្តរំដោះគ្រោះឱ្យអ្នកជំងឺ
នៅពេលមានសមាជិកណាម្នាក់ឈឺយូរថ្ងៃខែដោយមិនដឹងមូលហេតុ
ឪពុកម្តាយតែងឬសាច់ញាតិសង្ស័យទៅលើអបិយជំនឿផ្សេងៗ
ហើយក៏ទៅជួបគ្រូបុរាណឱ្យគន់គូរមើល ។ បើក្នុងករណីជើងលេខប្រាប់ថា
មានគេធ្វើអំពើ ឬខុសនេះ ខុសនោះហើយ
ពួកគាត់និមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះឱ្យអ្នកជំងឺ
ដើម្បីនឹងបានជាសះស្បើយឡើងវិញ ។
នេះជាជំនឿដែលខ្មែរយើងកាន់តាមតាំងពីបុរាណរៀងមក
ដែលមានបរិយាយនៅឯកសារទំនៀមទម្លាប់ខ្មែរ ។
តើគួរសូត្រមន្តរំដោះគ្រោះបែបណាទើបអាចឱ្យអ្នកជំងឺជាសះស្បើយបាន
? ខាងក្រោមនេះ
គឺជារបៀបនៃការរៀបរណ្ដាប់ឱ្យត្រឹមត្រូវតាមបែបបុរាណដូចតទៅ
១-ត្រូវរៀបបាយសីមួយគូ , ស្លាធម៌មួយគូ , ទឹកអប់មួយគូ , ទៀនប្រាំ , ធូបប្រាំ, លាជប្រាំកន្ទោង , ផ្កាប្រាំ ដែលហៅថាជាគ្រឿងពុទ្ធបូជា ។ ២- រៀបគ្រឿងបូជាទេវតាមាន
ស្លាធម៌៨ ទឹកអប់២ដប ដោយរៀបដាក់នៅទាំងសងខាងខ្លួនអ្នកជំងឺម្ខាង
ពាក់កណ្តាលនៃចំនួនវត្ថុដែលកំណត់នេះ ។ ៣-ធ្វើពែមួយដែលគេឱ្យឈ្មោះថា
ជាពែមឈូស ដែលមានបណ្ដោយប្រវែងមួយហត្ថអ្នកជំងឺ
ទទឹងប្រវែងមួយចំអាមអ្នកជំងឺ ហើយត្រូវរៀបដាក់បាយ សម្ល
នំចំណីក្នុងពែនោះតាមការគួរ ។ បន្ទាប់មកសូនរូបមួយដោយម្សៅ
ឬដីស្អិតក៏បានតំណាងឱ្យរូបស្នងរូបរបស់អ្នកជំងឺសម្រាប់ដាក់រៀបក្នុងពែនោះ
និងមានស្បូវស្ងួតមួយក្ដាប់ត្រៀមទុក ដើម្បីដុតរូបនោះផងដែរ ។ ៤-
ត្រៀមសំពត់ប្រវែង៤ហត្ថ នៃអ្នកជំងឺ
និងមានវាល់អង្ករដោយកូនចានតូចៗចំនួនស្មើនឹងអាយុរបស់អ្នកជំងឺផងដែរ ។
បន្ទាប់មកត្រូវបាញ់ទឹកអប់បន្តិចដាក់ក្នុងផ្ដិលទឹកធំមួយ
និងមានពូនកូនភ្នំខ្សាច់មួយដាក់នៅថាសផងដែរ ។
![]()
គ្រឿងសក្ការៈដែលបានរៀបចំទាំងអស់ខាងលើនេះ
ត្រូវយកទៅរៀបដាក់នៅចំពោះមុខព្រះសង្ឃសូត្រមន្ត ។ លុះលោកសូត្រមន្តរួច
ហើយអាចារ្យត្រូវរៀបចំសែនព្រេន ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា
រួចហើយត្រូវយកភ្លើងអុជស្បូវដុតទៅលើរូបស្មូនម្សៅនោះ
ដើម្បីជាការឧបកិច្ចថា បានដុតអ្នកជំងឺនោះកម្ទេចចោលហើយ ។
ជាកិច្ចចុងក្រោយត្រូវជូនពែនោះទៅតាមទិស
ដែលអាចារ្យអ្នកសែនព្រេនបានចង្អុលប្រាប់ ។ គេជឿថា បើធ្វើដូច្នេះ
អ្នកជំងឺនឹងអាចនឹងជាសះស្បើយ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនមានការគាំទ្រផ្នែកវិទ្យាសាស្ត្រឡើយ ។ ចំណែកគ្រូពេទ្យវិញ និយាយថា រាល់ជំងឺទាំងអស់គេត្រូវព្យាបាលដោយផ្អែកលើករោគវិនិច្ឆ័យនៃជំងឺ និងមូលហេតុនៃជំងឺនោះ ៕
(អត្ថបទ សាន សារិន )កែសម្រួលដោយ ៖ សុឃាក់











0 Comments