របាំនោះជារបាំប្រជាប្រិយមួយបែប
ដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិ
សព្វសាធុការជូនពរដល់អ្នកស្រុកនិងបណ្តេញគ្រោះចង្រៃ ព្រមទាំងដើម្បីសុំទឹកភ្លៀងអោយស្រេចពេញមួយឆ្នាំផងដែរ។
ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលគេប្រារព្ធពិធីបន់ស្រន់សុំទឹកភ្លៀងដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូរ។
ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថាប្រសិនបើមានសត្វព្រៃណាមួយចូលមកក្នុងស្រុកហើយនឹងកើតឧបទ្រុបចង្រៃបែបណាមួយមិនខាន។
គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះហើយសុំពរជ័យពីសត្វនោះវិញ។
ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក
សុទ្ធសឹងតែជាសត្វព្រៃដែលជាបង្ហាញអោយអ្នកស្រុកប្រោះព្រំប្រេង ម្សៅចងដៃអំបោះកម្រងផ្កា
អោយទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង
ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រុបនោះពុំអាចកើតឡើងទៀតឡើយ។
របាំត្រុដិ
ជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិខ្មែរព្រៃភ្នំ ដូចជាពួកសម្រែ សួយ និងព័រជាដើម
ព្រមទាំងជនជាតិខ្មែរ នៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង
និងប្រជាពលរដ្ឋមួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ
និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេលដែលសត្វព្រៃ
រត់ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមានរបាំម៉ុងសាយ
ដើម្បីសំដែងដេញឧបទ្រពចង្រៃ។ តាមការពិត របាំត្រុដិនេះ
គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃទៅភាព សម្បូរណ៍សប្បាយផង។
ពាក្យ ត្រុដិ សំដៅដល់ពេលដែល ឆ្នាំចាស់ដាច់ដើម្បីត្រាច់ ផ្លាស់ចូលឆ្នាំថ្មី។
តាមអត្ថន័យនេះ របាំត្រុដិដែលត្រូវបានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់
នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់រាប និងវាលទំនាប។
ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការ សម្រាប់ឆ្នាំថ្មី
ដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែលនេះ ការដែលគេមិនបាន
ប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរ នូវរបាំនេះដោយប្រការណាមួយ
អាចនាំមកនូវរាល់ អំពើទុក្ខសោកពុំខាន។ នេះជាអត្ថន័យទី១នៃរបាំត្រុដិ។ រីឯអត្ថន័យទី២
ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរ ពោលគឺគេរាំរបាំត្រុដិ ពេលដែលសត្វព្រៃ
ដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ តាមពិតគេធ្វើឡើងក៏ ដើម្បីផ្តាច់ចេញ
(បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ
ឬពីធីរាំឡើងភូមិ។ និមិត្តរូបដ៏សំខាន់នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញ
នូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅ ក្រៅពីវត្តមានរបស់ពួកអ្នករាំកាន់
សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំ កាន់ដំបងកោងមួយធ្វើរបៀបផ្សេងដូចតំណាងផាលនង្គ័ល
ដែលនៅខាងចុងមានចងកណ្តឹងឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំ
ពីរនាក់ទៀតរាំត្រាប់តាម សត្វទន្សោងដែលចែចង់គ្នា ដោយមានពាក់ស្នែងទន្សោងលើក្បាល
របស់គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើសដែលជាអ្នករាំរបាំ ទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញ
តាមសត្វប្រើសដែលត្រូវគេបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈ ពិសិដ្ឋរបស់របាំនេះ
គឺវត្តមានរបស់មនុស្សព្រៃម្នាក់ មានមុខលាបពណ៌ខ្មៅ ក្បាលរំដោយផ្កា
និងស្លឹកឈើជារុក្ខទេវតា ថែរក្សាព្រៃភ្នំ ដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។
ដូចនេះតាមរយៈវត្តមានរបស់តួអង្គ គឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាង
នូវសភាវៈល្អ ឬអាក្រក់ យើងអាចសម្គាល់ នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ
ដែលជាពិធីបុណ្យឆ្លង ផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី របស់ពលរដ្ឋខ្មែរយើង
ដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះ គឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ
គឺការផ្តល់នូវផលប្រយោជន៍ សុភមង្គលរបស់មនុស្ស ក្នុងសង្គម ដោយរួមរិតសម្ព័ន្ធភាព
សាមគ្គីភាពរបស់ពួកគេឡើងវិញ។ ទស្សនៈបែបនេះពិត ជាពុំមែនកេរមត៌កវប្បធម៌ ឥណ្ឌាទេ
ក៏ប៉ុន្តែជា មត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើនពាន់ឆ្នាំ មកហើយ
មានតម្លៃស្ថិតស្ថេរ រហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លង នេះ
សាមគ្គីរបស់មនុស្សខ្មែរគ្រប់ឋានៈ វណ្ណៈក្នុងសង្គមត្រូវពង្រឹង សាជាថ្មីឡើងវិញ
ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ដោយក្តីសង្ឃឹម។
លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិ គឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស
ឬក្ងោកដែលឆ្លុះបញ្ចាំង នូវរូបភាពឯកភាព ផ្នែកជំនឿសាសនា។ សូមជម្រាបថា
ការដែលជនជាតិភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរប្រារព្ធរបាំនេះ
ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញ នូវខឿនវប្បធម៌រួម
រវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និងខ្មែរតែប៉ុណ្ណោះ ព្រមទាំងចំណាស់
របស់ប្រពៃណីដ៏ល្អនេះផងដែរ៕
ប្រភព: https://sambathrothanak.wordpress.com
0 Comments