«ពិធីចូលម្លប់» គឺជាពិធីឆ្លងវ័យរបស់ក្មេងស្រីពេញវ័យ
(វ័យគ្រប់ការ) ឱ្យឆ្លងកាត់ការរស់នៅក្នុងបន្ទប់ឬក្នុងផ្ទះដែលជាម្លប់និងជានិមិត្តរូបនៃផ្ទៃម្តាយដើម្បីបន្ទំខ្លួនឬបន្ទំខ្លួនក្នុងផ្ទៃរង់ចាំកើតពីផ្ទៃមកវិញនៅថ្ងៃចេញម្លប់
ឯការកើតនេះមិនមែនជាទារកទេគឺក្លាយជាមនុស្សវ័យមួយថ្មីទៀតដែលអាចរៀបការបានឬការប្តីបាន។
នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ដឹប សាស្រ្តាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកសាស្រ្តាចារ្យបានឱ្យដឹងទៀតថា
នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗតាំងពីកើតរហូតដល់ស្លាប់ត្រូវឆ្លងកាត់ពិធីប្រហែលជា៧ពិធីដែលមនុស្សយើងម្នាក់ៗត្រូវឆ្លងកាត់។
ពិធីទាំងនោះមានដូចជា
មានពិធីបង្កក់ឆ្មប (ពេលកើតមកភ្លាម) ពិធីកោរជុក ពិធីចូលម្លប់កូនស្រីនិងសម្រាប់កូនប្រុសត្រូវបួសរៀន
ពិធីមង្គលការ ការឆ្លងទន្លេ (ជាវ័យធ្វើជាឪពុកម្តាយ) ពិធីចម្រើនព្រះជន្ម (អាយុ)
និងពិធីចុងក្រោយនៃជីវិតគឺ ពិធីបុណ្យសព។
«ម្លប់» ជាពិធីដែលសង្គមរៀបចំឡើងឱ្យក្មេងស្រីគ្រប់ការចូលទៅរស់នៅក្នុងបន្ទប់ក្នុងផ្ទះ
ដែលម្លប់គឺសំដៅទៅលើបន្ទប់ក្នុងផ្ទះដែលមានរបៀបរបបរស់នៅខុសប្លែកពីមុនមក
គឺស្រីវ័យគ្រប់ការនោះត្រូវរស់នៅដាច់ដោយឡែកតែឯងនៅក្នុងបន្ទប់
ដើម្បីត្រៀមខ្លួនឬការបន្ទំខ្លួនធ្វើជាភរិយារបស់បុរសទៅថ្ងៃអនាគតឬពេលចេញពីម្លប់វិញ
នាងមានសិទ្ធិអាចរៀបការបាន។
លោកសាស្ត្រាចារ្យ
ស៊ុន ចាន់ដឹប ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុផ្កាឈូកមុនពេលរៀបចំពិធីចូលម្លប់កូនស្រីរបស់គ្រួសារមួយក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ
ដោយបានលើកឡើងបន្ថែមទៀតថា ក្នុងអំឡុងពេលនៅក្នុងម្លប់រហូតដល់ថ្ងៃចេញម្លប់នោះ
គឺប្រៀបដូចជាមង្គលការស្ទើរតែបេះបិទ ដែលយើងអាចនិយាយបានថា
ការមួយអន្លើសិនឬការម្នាក់ឯង។ ប្រវត្តិឬរឿងរ៉ាវដែលទាក់ទងនឹងពិធីនេះ
មិនមានឯកសារណាដែលបង្ហាញថា ពិធីនេះកើតឡើងពីពេលណាឬមានរឿងអ្វីទាក់ទងនឹងពិធីនេះទេ។
យោងតាមឯកសាររបស់លោកសាស្រ្តាចារ្យ
ស៊ុន ចាន់ដឹប
បានរៀបរាប់អំពីរណ្តាប់កិច្ចពិធីចូលម្លប់និងត្រណមនៅក្នុងម្លប់បានបង្ហាញថា
គ្រឿងរណ្តាប់សែនចាស់ទុំជីដូនជីតាក្នុងកិច្ចចូលម្លប់ មានបាយសែន១ថាស ៖ បាយ៣កូនចាន, សម្ល២ចាន,
បង្អែមសែន១ថាស (ឱ្យបាន៥ចាន ផ្លែឈើគ្រប់មុខចិតដាក់ក្នុងចាន),
ស្រាសឬស្រាបៀរនិងភេសជ្ជៈ (១មុខ១២កំប៉ុង), សំពត់ខោអាវឆ្វេងស្តាំ
(សាមីពិធី) ១សម្រាប់, ប្រអប់សំពត់ខោអាវឆ្វេងស្តាំ, ទៀប១គូ (១ដាក់បង្អែមនិង១ទៀតដាក់ចង្អាបឆ្អិន), ហិបរង១គូ
(ដាក់ស្លាម្លូ កំបោ ថ្នាំចុក), ព្រំឬសំពត់១ផ្ទាំងនិងខ្នើយ១គូ
ក្រាលសំពះចងដៃ, ផ្តិលទឹកមន្តឬសំបួរសម្រាប់ប្រោះព្រំ,
អំបោះចងដៃ (អំបោះស ជ្រលក់នឹងរមៀត), ទៀន
(ក្រមួនសុទ្ធ) ២គូ, ក្រាស កញ្ចក់ និងកន្រ្តៃ, ទឹកអប់ ក្រែម និងប្រេងម្សៅ, កន្រ្តកស្លាម្លូ១សម្រាប់
និងប្រណាក។
សម្រាប់រណ្តាប់សម្រាប់កូនចូលម្លប់ថ្វាយបង្គំរាល់ថ្ងៃព្រឹក-ល្ងាច
មានដូចជា ចិញ្ចៀនមាស១វង់សម្រាប់ចងនៅនឹងត្រល់, ស្រូវ១កញ្ជើមានស្លាធម៌១គូ
ត្រល់ច្រកអង្ករឱ្យពេញបិទឱ្យជិត, ធូប១ដុំនិងទៀន១គីឡូក្រាមសម្រាប់ដុតពេលសូត្រធម៌។
ការត្រណមនៅក្នុងម្លប់
ភារកិច្ចត្រូវធ្វើ៖ ដុតធូបបីសសៃនិងទៀន១ដើមនៅលើកញ្ជើស្រូវពេលថ្វាយបង្គំសូត្រធម៌វន្ទាព្រះ
នមោតស្សបីចប់ ឥតិប៉ិសោ….. (បើមានអ្នកបង្រៀនអាចសូត្រដល់សីល៥ឬក៏សីល៨កាន់តែប្រសើរ)
រៀងរាល់ព្រឹកភ្ញាក់ពីដំណេកនិងរៀងរាល់ល្ងាចមុនចូលគេង (ចន្លោះម៉ោង៥ល្ងាច-៧យប់ ពេលចប់សូត្រធម៌ពន្លត់ទៀនបាន)។
ស្លៀកពាក់ឱ្យបានជិត
អាវដៃវែង ខោឬសំពត់វែងនៅក្នុងបន្ទប់មិនឱ្យត្រូវពន្លឺ។
ចេញក្រៅបន្ទប់បានលុះណាទ្វារផ្ទះបិទជិត។ ឆាប់ចូលសម្រាក មិនឱ្យមើលរឿងតាមទូរទស្សន៍
ទូរសព្ទ ឬហ្វេសប៊ុកណាដែលមានភាពអណ្តែតអណ្តូង ស៊ិចស៊ី ឬអាសអាភាសឡើយ។
អាហារ ៖ អាហារបួសគ្មានជាតិសាច់ឡើយ បានត្រឹមថ្ងៃត្រង់
(ម៉ោង១២) បាយឆាបន្លែប្រេងឆា បើមីគឺមីខ្មែរសសៃធំជាមួយនឹងបន្លែ (ចៀសវាងប្រើទឹកត្រី)
សៀង អំបិល ស្ករ ទឹកតៅហ៊ូប្រើបាន ល្ងបុកអំបិល ស្វាយទុំ ឪឡឹក ចេកទុំ ត្រសក់ ហូបបាន
បើបន្លែអ្វីក៏បានអាចស្ងោរជ្រលក់នឹងអំបិល សៀង ឬទឹកតៅហ៊ូហូបបាន។
ឥរិយាបថ ៖ ដេក ដើរ ឈរ អង្គុយនោះឱ្យបានសមរម្យ
រៀនថ្នមខ្លួន មិនលោតហក់ រត់ ឬធ្វើអ្វីប្រញាប់ឡើយ ដេកក្នុងបន្ទប់របស់ខ្លួន។
និយាយស្តីមិនឱ្យឮទៅក្រៅផ្ទះ មិនឱ្យក្មេងប្រុសក្រៅផ្ទះឃើញ
ប៉ុន្តែបងប្អូនប្រុសបង្កើតនិងឪពុកអាចឃើញបាន។
ការថែទាំខ្លួន ៖ រមៀតឬពន្លៃបុក ឬកិនឱ្យម៉ត់លាយនឹងទឹកឃ្មុំបន្តិចរួចយកលាបខ្លួនប្រហែល២០នាទី។
សម្រាប់អ្នកមកសួរសុខទុក្ខ បងប្អូនឬមិត្តភក្តិស្រីៗអាចមកជាធម្មតា
ប៉ុន្តែហាមអ្នកពោះធំនិងអ្នកមានរដូវ៕
ប្រភព:
https://www.lotus-radio.com/2020-cambodian-culture/
0 Comments