ប្រវត្តិ ប្រាសាទតានៃ
ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត។ មានទីតាំងក្នុងព្រៃ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ទិដ្ឋភាពទូទៅ
ប្រាសាទតានៃមានកំពែងព័ន្ធជុំវិញនៅផ្នែកខាងក្រៅ
ប៉ុន្តែសព្វថ្ងៃយើងឃើញមានតែខ្លោងទ្វារ
ឬគោបុរៈចំនួនពីរនៅសល់ស្ថិតនៅទិសខាងកើតនិងទិសខាងលិច
ហើយមានស្នាកស្នាមកសិន្ធុនៅទិសខាងជើងនិងទិសខាងត្បូង។
នៅផ្នែកខាងកើតមានផ្លូវតភ្ជាប់ក្រាលដោយថ្មភក់ចាប់ពីខ្លោងទ្វារនៃកំពែងទី១ទៅកំពែងទី២ត្រូវបានសងដោយថ្មបាយក្រៀមដែលមានសភាពទ្រុឌទ្រោម
និងបាក់រលំស្ទើទាំងស្រុងលើកលែងតែទិសខាងកើតឆៀងខាងត្បូង
និងទិសខាងលិចឆៀងខាងជើងដែលនៅមានជញ្ជាំងមួយផ្ធាំងបញ្ឈរហើយមានផ្ទាំងចម្លាក់ហោជាងទំនងជារឿងពុទ្ធប្រវត្តិដែលនៅក្នុងរូបយើងឃើញមានរូបកណ្តាលត្រូវបានដាបបំផ្លាញហើយនៅសង់ខាងរូបនោះគឺជាព្រះវិស្ណុ
និងព្រះព្រហ្ម រីឯនៅខាងក្រោមរូបទាំងនោះមានសេះមួយនៅចន្លោះអ្នកគោរពបូជាទាំងឡាយ។ ប្រាសាទមានទម្រទេវរូបជាច្រើននៅរាយប៉ាយផ្នែកខាងត្បូងដែលទម្រនីមួយៗទាំងនោះមានរន្ធឬប្រហោងចំនួនបីសម្រាប់តម្កល់ទេវរូបត្រីមូរតីទាំងព្រហ្មញសាសនានិងព្រះពុទ្ធសាសនា។
នៅផ្នែកខាងក្នុងនៅកំពែងទី២មានសាលវែងប្រក់ដោយដំបូលសងអំពីថ្មភក់មានសភាពទ្រុឌទ្រោមខ្លាំងនៅផ្នែកខាងជើងនិងខាងត្បូង។
នៅទីធ្លារនៅផ្នែកខាងក្នុងមានប្រាង្គចំនួន២ឈរត្រង់ជួរគ្នាពីកើតទៅលិច
ប៉ុន្តែកំពូលរបស់ប្រាង្គត្រូវបានបាក់បែកខូចខាត[១]។
ការធ្វើកំណាយ
ប្រាសាទតានៃឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ
បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។
បុរាណដ្ឋានមួយនេះស្ថិតក្នុងព្រៃ ពុំសូវមានទេសចរទៅកម្សាន្តច្រើនទេ
ហើយក៏ពុំធ្លាប់មានការជួសជុលមកពីមុនដែរ
ដោយគ្រាន់តែមានការអភិរក្សទល់ទ្រនៅផ្នែកខ្លះតែ។
បដិមាព្រះសិរលោកេស្វរៈ
ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃប្រទះឃើញ
គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ
តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះ
ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក
ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។
ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ
ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា[៣]។
តាមការវាស់ទំហំព្រះសិរបដិមាព្រះពោធិសត្វលោកេសូរ បានឱ្យដឹងថា
ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់៥៤ស.ម ទទឹង២៧ស.ម និងកម្រាស់៣៦ស.ម។
ព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ
បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន
ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើរយកទៅរក្សាទុកនៅ
អភិរក្សដ្ឋានអង្គរ។ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២
និងដើមស.វ.ទី១៣ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ លោកេសូ ឬ លោកេស្វរៈ
គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន
ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ
យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២, ៤ ឬ៨
ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ
អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ[៤]។
នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការ បានស្នើឲ្យមានគម្រោងអភិរក្ស និងលើកតម្លៃប្រាសាទតានៃនោះឡើង។
ភាគីវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូប្រទេសជប៉ុន
ក៏បានប្រកាសចូលរួមនៅក្នុងគម្រោងនេះជាមួយនឹងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដល់បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា។
ក្នុងកិច្ចប្រជុំពេញអង្គ អាយស៊ីស៊ី-អង្គរ (ICC-Angkor) ខែមិថុនា
ឆ្នាំ២០១៤ គម្រោងនេះក៏បានលើកយកមកបង្ហាញដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការ៕
(អត្ថបទខ្លឹមសារយោងតាមឯកសាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ
និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា)
1.
↑ សៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគទី២
ឆ្នាំ២០១៥ ទំព័រទី១០៤-១០៦។
2.
↑ ការផ្សព្វផ្សាយរបស់គេហទំព័ររបស់អាជ្ញាធរជាតិអប្សរា
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩
3.
↑ ការបញ្ជាក់របស់លោក ស៊ា សុភារុន
ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ
4.
↑ លោក ឈូក សុម៉ាឡា
មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា
0 Comments